ភ្នំពេញ៖ ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ នឹងជំរុញការដោះដូរពាណិជ្ជកម្មរវាងកម្ពុជានិងថៃ និងការប្រកួតប្រជែងខ្លាំង សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ដោយមើលឃើញ ពីសារៈសំខាន់ និងភាពមមាញឹកនៃការដឹកជញ្ជូន នៅផ្លូវជាតិលេខ៥ រួមទាំងស្ថានភាពខូចខាតផ្លូវ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ដើម្បីសាងសង់លើកកម្រិតគុណភាព ពង្រីកផ្លូវនេះឡើងវិញ។
លោកបានបញ្ជាក់ថា៖« ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏ដូចជាទៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ ជាពិសេស ជាខ្សែផ្លូវយុទ្ធសាស្រ្តមួយ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ច្រកទ្វារប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដោយឆ្លងកាត់ខេត្តចំនួន៥»។
លោកបានបន្តថា ផ្លូវជាតិជាតិលេខ៥នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ាន High way លេខ១ AH1 ដែលបានតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ-ក្រុងបាងកក-ទីក្រុងហូជីមិញ និងជាខ្សែផ្លូវ ស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូង ដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំង សម្រាប់វិស័យទេសចរណ៍ា ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្មា និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជា មហាអនុតំបន់មេគង្គផងដែរ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិ៥នេះ មានប្រវែងសរុប ៣៦៦គីឡូម៉ែត ចាប់ពីផ្តើមពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារ បែងចែកជា ៣កំណាត់ រួមមាន កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥.២៥ គីឡូម៉ែត សម្រេចបាន៦៤ភាគរយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ កំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦គីឡូម៉ែត ក្នុងនោះ ធ្លាម្អម-បាត់ដំបង សម្រេចបាន ៥៦ភាគរយ និងសិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធី ជ្រើសរើសក្រុមហ៊ុនសាងសង់៕