ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ(GDT) បានក្រើនរំលឹកដល់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងការអនុវត្តអាករលើតម្លៃបន្ថែមថា ការអនុវត្តអាករលើតម្លៃបន្ថែមសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នឹងត្រូវអនុវត្តចាប់ពីថ្ងៃ០១ ខែមេសា ឆ្នាំ២០២២ តទៅ ខណៈ GDT បានធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាជាច្រើនសម្រាប់ដាក់ឱ្យអ្នកជាប់ពន្ធអនុវត្ត។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយតាមអនឡាញស្តីពី«ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)» ដែលរៀបចំដោយអគ្គនាយដ្ឋានពន្ធដារ កាលពីថ្ងៃទី១៨ ខែមករា លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការបញ្ជាបចំណេះដឹងដល់អ្នកជាប់ពន្ធពាក់ព័ន្ធនឹងការអនុវត្តអាករលើតម្លៃបន្ថែមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាលមានគោលនយោបាយមិនបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មី ដោយត្រូវពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារដែលមានស្រាប់ និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល។
លោកបន្ថែមថា ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះតទៅ។
បើតាម លោកអេង រតនា កាតព្វកិច្ចអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ប្រកាសដាក់ចេញតាមរយៈសេចក្តីណែនាំលេខ ២០៥២២ អពជ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ៕