ភ្នំពេញ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ដើមី្បឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ និងម៉ាកសញ្ញារបស់ផលិតផល និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគម ។
ការលើកឡើងបែបនេះរបស់លោក រាជ រ៉ា ធ្វើឡើង កាលពីថ្ងៃចន្ទ-អង្គារ ទី២៤-២៥ ខែមករា ឆ្នាំ២០២២នេះ ដោយលោកបានដឹកនាំក្រុមការងារក្រសួង និងមានការចូលរួមពីលោក អប់ រ៉ាឌី អគ្គនាយករងជំរុញពាណិជ្ជកម្ម និងលោក ទិត សីច័ន្ទលី ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជាច្រើនរូប បានចូលរួមកិច្ចប្រជុំដើមី្បពិនិត្យ៖ -វឌ្ឍនភាពក្នុងការគាំទ្រ និងជំរុញដល់ដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជា ដែលជាទីតាំងមានលក្ខណៈពាណិជ្ជកម្ម ផ្សាភ្ជាប់ជាមួយទេសចរណ៍ វប្បធម៌ប្រពៃណី និងបន្តផ្សព្វផ្សាយអំពីការផ្តួចផ្តើមការកសាងផែនការទិសដៅរបស់ក្រសួងពាណិជ្ជកម្ម។ -ស្ថានភាព និងទស្សនកិច្ចទីតាំងផ្ទាល់នៃអាជីវកម្មចម្លាក់ថ្ម នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បន្ថែមពីនេះ អត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យទាំង២ខាងលើ ក៏នឹងក្លាយជាមជ្ឈមណ្ឌលអាជីវកម្ម និងជាចលករស្រូបទាញកំណើនសេដ្ឋកិច្ចមូលដ្ឋានដ៏រស់រវើក រក្សាបាននូវកេរ្តិ៍តំណែលវប្បធម៌ ទេពកោសល្យប៉ិនប្រសប់ អត្តសញ្ញាណភូមិសាស្ត្រ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យស្មូនដី និងវិស័យចម្លាក់ថ្ម ជាពិសេសជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ក្រុមសិប្បករស្មូន និងជាងចម្លាក់ថែមទៀតផង។
លោកបានថ្លែងថា ដើមី្បឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ និងម៉ាកសញ្ញារបស់ផលិតផល និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគម និងការផ្តួចផ្តើមសិក្សាលទ្ធភាពបង្កើតម៉ាកសមូហភាព ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។
សូមជម្រាបផងដែរថា បច្ចុប្បន្នវិស័យស្មូនដីកម្ពុជា មានសមាជិកអ្នកផលិតប្រមាណជាង ២០០ គ្រួសារ ដែលកំពុងផលិត បើទោះបីជាទីផ្សារបញ្ជាទិញត្រូវរអាក់ខានពីវិបត្តិជំងឺកូវីដ-១៩ក៏ដោយ សិប្បករស្មូនដីនៅតែមានការងារជាបន្តបន្ទាប់ ពិសេសបរិក្ខាសម្រាប់សណ្ឋាគារ និងសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានជាដើម។
ដោយឡែកស្ថានភាពវិស័យចម្លាក់ថ្មវិញ អ្នកផលិត និងជាងចម្លាក់មានសរុប៥៥ទីតាំង ចែកចេញជា៣ផ្នែកគឺ៖ ក្រុមហ៊ុនផ្គត់ផ្គង់១ សហគ្រាសផលិត១៨ និងគ្រួសារ៣៦ ហើយវិស័យនេះក៏ទទួលរងផលប៉ះពាល់ ប៉ុន្តែនៅរក្សាបានការបញ្ជាទិញពីទីផ្សារក្នុងស្រុក និងក្រៅប្រទេសរួមមាន៖ ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្ការ និងប្រទេសថៃឡង់ដ៍។
បន្ទាប់មក ប្រតិភូក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជា និងជួបជាមួយសិប្បករស្មូនដីនៅខេត្តកំពង់ឆ្នាំង និងបន្តដំណើរទៅខេត្តពោធិ៍សាត់ ចុះជួបជាងចម្លាក់ថ្មតាមខ្នងផ្ទះ ដើម្បីពិនិត្យពីស្ថានភាព និងលទ្ធភាពជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ថ្ម៕