Acleda Financial Trust (AFT) ដែលជាអង្គការមិនមែនរដ្ឋាភិបាល (NGO) ស្ថិតក្រោមធនាគារអេស៊ីលីដា បានចុះកិច្ចព្រមព្រៀងជាមួយធនាគារAcleda Bank Plc. (ABC) សម្រាប់ផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ ដើម្បីទិញភាគហ៊ុនរបស់ធនាគារមួយនេះនៅផ្សារមូលបត្រកម្ពុជា (CSX) ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ជាវិធានការមួយ ដើម្បីធ្វើឲ្យការលក់ភាគហ៊ុនរបស់ធនាគារមួយនេះ មានស្ថិរភាពថ្លៃនៅលើទីផ្សារ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ABC ដល់ CSX កាលពីថ្ងៃទី ៤ ខែកុម្ភៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជដំបូងគេ នៅកម្ពុជាបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា (CSX) សូមជូនដំណឹងដល់ភាគទុនិកទាំងអស់ថា បន្ទាប់ពីមានការជូនដំណឹងស្តីពីការវិនិយោគលើធនាគារអេស៊ីលីដារបស់ACLEDA Financial Trust ចុះថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនធានាទុកទ្រព្យនិងនិយតករ AFT នឹងទិញភាគហ៊ុននៅលើ CSX ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ដោយផ្អែកលើផែនការថវិកាផ្ទៃក្នុង និងយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ខ្លួន។ លោកស្រី ម៉ា អមរ៉ា អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ ធនាគារអេស៊ីលីដា បានប្រាប់ IC នៅថ្ងៃទី ១០ ខែកុម្ភៈថា AFT នឹងវិនិយោគលើធនាគារអេស៊ីលីដា តាមរយៈការទិញភាគហ៊ុនរបស់ABC នៅលើ CSX រយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។
លោកស្រីថ្លែងថា៖ «ជាទូទៅ យើងជឿជាក់ និងរំពឹងថា ការវិនិយោគនេះនឹងរួមចំណែកដល់ការចូលរួមយ៉ាងសកម្មបន្ថែមទៀតរបស់វិនិយោគិននៅក្នុង CSX ការកើនឡើងសន្ទនីយភាពលើទីផ្សារ និងការបង្កើនល្បឿនការអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជា»។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ CSX បានឲ្យដឹងថា AFT គឺជាអ្នកស្នងតំណែងរបស់អង្គការមិនមែនរដ្ឋាភិបាល របស់ធនាគារអេស៊ីលីដា ស្ថិតក្រោមបទប្បញ្ញត្តិទំនុកចិត្តផ្នែកហិរញ្ញវត្ថុ ហើយនៅពេលនេះគឺជាភាគទុនិកឈានមុខគេ របស់ធនាគារអេស៊ីលីដា។
លោកស្រីលើកឡើងថា៖ «ផែនការវិនិយោគរបស់ AFT បង្ហាញថាAFT មានទំនុកចិត្តលើការវិនិយោគរយៈពេលវែងជាមួយធនាគារអេស៊ីលីដា។ សំខាន់ជាងនេះទៅទៀត ខ្ញុំជឿជាក់ថា ផែនការនេះនឹងជួយកែតម្រូវតម្លៃទីផ្សារបច្ចុប្បន្ន និងកែតម្រូវភាពមិនស៊ីគ្នានៃការផ្គត់ផ្គង់ និងតម្រូវការបច្ចុប្បន្ននៃភាគហ៊ុនរបស់ABC នៅលើទីផ្សារ ព្រមទាំងទទួលបានទំនុកចិត្តឡើងវិញពីវិនិយោគិនដែលបារម្ភពីការបន្តធ្លាក់ចុះតម្លៃដោយសារតែការលក់ភាគហ៊ុនដែលនៅសល់នៅពេលខាងមុខ ដែលគ្រប់គ្រងដោយបុគ្គលិកអេស៊ីលីដាស្ថិតក្រោម ASA»។
លោកស្រីបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេ និងទទួលបានការទំនុកចិត្តពីវិនិយោគិនសាធារណៈលើផែនការនេះ ហើយ AFT គួរតែផ្សព្វផ្សាយជាសាធារណៈនូវផែនការវិនិយោគលម្អិតរបស់ពួកគេ រួមទាំងគោលបំណងជាក់លាក់ ការតំណត់តម្លៃទិញពេលវេលា លម្អិតបន្ថែមទៀត និងប្រភពមូលនិធិ ។ល។»។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ CSX ភាគហ៊ុនរបស់ ABC បិទកាលពីថ្ងៃពុធទី៩ ក្នុងតម្លៃ១៣ ៣០០រៀលក្នុង១ហ៊ុន ជាមួយនិងទំហំភាគហ៊ុនសរុបចំនួន ៣៨ ០៥១ ដែលមានតម្លៃសរុប ៥០៦ ០៧៨ ៣០០រៀល បើធៀបទៅនិងការបិទកាលពីថ្ងៃទី៤កន្លងមកនេះ គឺតម្លៃភាគហ៊ុនរបស់ABC មានតម្លៃត្រឹមតែ ១០ ៣០០រៀលតែប៉ុណ្ណោះ ដែលមានភាគហ៊ុនសរុប១៦ ៩៤៧ មានតម្លៃសរុបចំនួន ១៧៤ ៦១៩ ២៦០ រៀល៕
អត្ថបទដោយ៖ យុទ្ធ វីរះ