ភ្នំពេញៈ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ សម្រេចបានប្រមាណជិត ៦១៥លានដុល្លារធ្លាក់ចុះជាង ១៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លទ្ធផលនៃកិច្ចប្រជុំប្រចាំត្រីមាសទី១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ កាលពីសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ៦១៤,៨ លានដុល្លារ ថយចុះ១៥,២ភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ លទ្ធផលនៃការប្រមូលចំណូលក្នុងត្រីមាសទី១ នេះគឺសម្រេចបាន២៦ភាគរយនៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០២១ ការប្រមូលចំណូលសម្រេចបានប្រមាណ ២១១,៣ លានដុល្លារ ថយចុះ ៤,៧ភាគរយធៀបនឹងខែមីនា ឆ្នាំ២០២០។
ចំណូលប្រចាំត្រីមាសទី១ ឆ្នាំ២០២១ នេះ បើគិតតាមក្រុមប្រភេទទំនិញគឺចំណូលពីយានយន្ត និងគ្រឿងចក្រមាន ៤៣,៥ភាគរយនៃចំណូលសរុប, ទំនិញចម្រុះមាន ២៧,៤ភាគរយ, ផលិតផលតេលសិលា(ប្រេងសាំងធម្មតា ប្រេងសាំងស៊ុបពែរប្រេងម៉ាស៊ូត និងប្រេងរំអិល) មាន ២២,៨ភាគរយ និងសម្ភារសំណង់និងកម្រៃផ្សេងៗ មាន ៦,៣ភាគរយ។
ដើម្បីលើកកម្ពស់ការប្រមូលចំណូលពន្ធគយ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយអត្រាពន្ធគយលើការនាំចូលរថយន្ត ចន្លោះពី ១០-២០ភាគរយ ដោយបានចាប់ផ្តើមអនុវត្តចាប់តាំងពីដើមខែមីនា ឆ្នាំ២០២១។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ការប្រមូលចំណូលសម្រេចបាន ២ ៤១៩,៦ លានដុល្លារ ធ្លាក់ចុះ ២៤,៨ ភាគរយធៀបនឹងឆ្នាំ ២០១៩៕