ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌចំនួន៣០ភាគរយ ក្នុងចំណោមបរិមាណនាំចេញសរុបដែលមានតម្លៃទឹកប្រាក់ប្រមាណសម្រេចបានទំហំទឹកប្រាក់ជាង ១១,៣លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២។
នៅក្នុងការពិភាក្សាការងារ អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៧ ខែមីនា លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់៣០ភាគរយ ដោយលោកបានចាត់ទុកថា នេះជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ក្តី។
លោក Patrick Murphy បានបញ្ជាក់បន្ថែមថា៖«កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការសបញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឲ្យបានសមរម្យជាមួយគ្នាបន្តទៀត»។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូរដែលនាំឱ្យមានការវិវត្តន៍រីកចំរើន និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នាក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។
លោកបានបន្ថែមថា ក្រសួងនឹងបន្តជម្រុញឱ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឱ្យមានជាអធិការកិច្ចរួមគ្នារវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
ទិន្នន័យពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានបង្ហាញថា ក្នុងរយៈពេល១២ខែ ចាប់ពីខែមករា ដល់ធ្នូ ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត៕