ភ្នំពេញ៖ ធនាគារអេស៉ីលីដា ភីអិលស៉ី និងធនាគារជប៉ុន Sumitomo Mitsui Banking Corporation (SMBC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសារទរខួប១០ឆ្នាំ នៃភាពជាដៃគូសហការរវាងធនាគារទាំងពីរ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ធនាគារអេស៉ីលីដា ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៉ីលីដា បានថ្លែងថា ថ្ងៃនេះជាខួបនៃកិច្ចសហប្រតិបត្តិការ នៃការវិនិយោគរវាងធនាគារជប៉ុន SMBC និងធនាគារអេស៉ីលីដា ដែលកាលពី១០ឆ្នាំមុន ធនាគារទាំងពីរបានចុះកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការមួយគ្នា ដោយបង្កើតការិយាល័យសាជីវកម្មអន្ដរជាតិ របស់ធនាគារអេស៉ីលីដា ដើម្បីផ្ដល់សេវាកម្មដល់សហគ្រាសធុនធំ ជាពិសេសសហគ្រាសជប៉ុន។
លោកបណ្ឌិតបានបន្ដថា ការសហការគ្នារវាងធនាគារអេស៉ីលីដា ភីអិលស៊ី និងធនាគារជប៉ុន SMBC គឺរួមគ្នាសម្រេចគោលដៅរួម ក្នុងនោះមានផ្ដោតសំខាន់លើវិស័យបរិស្ថាន នៅពេលផ្ដល់សេវាកម្មដល់អតិថិជនយកទៅប្រើប្រាស់ ធនាគារអេស៉ីលីដា និងធនាគារ SMBC ត្រូវគិតគូរជាមុនសិនលើវិស័យបរិស្ថាន និងចូលរួមជាមួយសង្គមលើវិស័យផ្សេងៗ។
លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ដថា សម្រាប់ធនាគារអេស៉ីលីដា និងដៃគូសហការតាំងពីដើមមកមិនដែលផ្ដល់កម្ចី ដល់វិស័យណាដែលបង្កផលប៉ះពាល់ ដល់វិស័យបរិស្ថាននោះទេ ដូច្នេះតទៅមុខនៅតែបន្ដពង្រឹង និងគិតគូរចាំបាច់តែម្ដង ចំពោះកម្ចីណាដល់ការប្រើប្រាស់បង្កផលប៉ះពាល់លើវិស័យបរិស្ថាន។
លោកបណ្ឌិតបានបញ្ជាក់ថា «ធនាគារ អេស៉ីលីដា តាំងពីទទួលបានអាជ្ញាបណ្ណក្នុងឆ្នាំ២០០០មក យើងមានដៃគូសហការជាមួយសាជីវកម្មផ្សេងៗទៀត ដែលគិតលើសេវាផ្ដល់ហិរញ្ញវត្ថុ អំពីបរិស្ថានសំខាន់ៗ ព្រោះឬសគល់នៃការកកើតមក នៃធនាគារអេស៉ីលីដានេះ គឺកើតមកពីអង្គការក្រៅរដ្ឋាភិបាល ដោយបានគិតគូរពីបញ្ហាបរិស្ថាននេះតាំងពីយូរមកម្ល៉េះ ដូច្នេះតទៅថ្ងៃមុខនឹងបន្ដប្រពៃណីបែបនេះទៀត បូករួមជាមួយបច្ចុប្បន្នពិភពលោក បាននិងកំពុងគិតគូរពីបរិស្ថានដូចគ្នា ជាក់ស្ដែងដូចកិច្ចប្រជុំនៅទីក្រុងប៉ារីស អង្គការសហប្រជាជាតិកំពុងគិតគូរពីបរិស្ថាននេះផងដែរ»។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រសួងបរិស្ថាន និងបានយកចិត្តទុកដាក់គិតគូរអំពីបញ្ហាទាំងនេះ ដូច្នេះហើយធនាគារអេស៉ីលីដា និងដៃគូសហការបានគិតអំពី ការផ្ដល់ហិរញ្ញវត្ថុណា ដែលមិនផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន ដើម្បីឲ្យយើងទាំងអស់គ្នារស់នៅបានសុខសន្ដិភាព និងងាយស្រួល៕