ភ្នំពេញៈថ្នាក់ដឹកនាំធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បច្ចុប្បន្នធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះមានអតិថិជនជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលកំពុងប្រើប្រាស់សេវាកម្មទូទាត់របស់អេស៊ីលីដា។
សាជីវកម្មទាំងនេះស្ថិតក្នុងវិស័យផ្សេងៗរាប់ចាប់តាំងពីវិស័យផលិត អចលនទ្រព្យ សំណង់ រហូតដល់វិស័យលក់រាយ។ជាមួយគ្នានេះអេស៊ីលីដាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនជប៉ុនឲ្យ មកវិនិយោគ និងប្រើប្រាស់សេវាអេស៊ីលីដា បន្ថែមទៀតផងដែរ ខណៈដែលបច្ចុប្បន្ន សេដ្ឋកិច្ច កម្ពុជា កំពុងបើកទូលាយ គ្រប់វិស័យ សម្រាប់ ការវិនិយោគបរទេស ហើយតាមច្បាប់វិនិយោគថ្មី របស់ កម្ពុជា ក៏មានការលើកទឹកចិត្តវិនិយោគិនជាច្រើនផងដែរ។
នាជំនួបជាមួយក្រុមវិនិយោគិនជនជាតិជប៉ុនជាង៥០ក្រុមហ៊ុនកាលពីពេលថ្មីៗ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញពីសមិទ្ធផល និងការធ្វើពាណិជ្ជកម្មរវាងធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះជាមួយនឹងក្រុមហ៊ុនជប៉ុន ដែលកំពុងធ្វើប្រតិបត្តិការ នៅកម្ពុជា។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះធនាគារ អេស៊ីលីដា មានអតិថិជនជនជាតិជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលស្ថិតក្នុងវិស័យផ្សេងៗ រាប់ចាប់តាំង ពីការផលិតរហូតដល់លក់រាយ អចលនទ្រព្យ សំណង់ និងវេជ្ជសាស្ត្រជាដើម។
លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា អតិថិជនជនជាតិជប៉ុន លក្ខណៈសាជីវកម្មទាំងនេះមិនមែនប្រើប្រាស់សេវាកម្មឥណទាន របស់ អេស៊ីលីដានោះទេ ពោលគឺពួកគេប្រើប្រាស់ជាសេវាទូទាត់នានាដូចជា ទូទាត់ ប្រាក់ខែជូនបុគ្គលិក និងទូទាត់ថ្លៃទំនិញជាដើម។
ក្រៅពីចែករំលែកបទពិសោធន៍លើការធ្វើពាណិជ្ជកម្មក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដារូបនេះក៏បានបង្ហាញពីភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងចំណុចសក្តានុពល នានា របស់កម្ពុជាដល់ ក្រុម វិនិយោគិ នជនជាតិ ជប៉ុន ផងដែរ ក្នុងន័យផ្តល់ជាធាតុចូលដល់ពួកគេសម្រាប់ពិចារណាមុនវិនិយោគនៅកម្ពុជា។
ក្នុងនោះលោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់ កម្ពុជា ដែលត្រូវបានស្ថាប័នអន្តរជាតិ ក៏ដូចរាជរដ្ឋាភិបាលព្យាករណ៍អាចមានកំណើនក្នុងរង្វង់៥% នៅឆ្នាំនេះ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការកើនឡើងអតិផរណា ព្រមជាមួយនឹងសក្ដានុពលវិនិយោគជាច្រើនផ្សេងទៀត របស់ កម្ពុជា។
ជាពិសេសពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរវាង កម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗ និងច្បាប់វិនិយោគថ្មី ដែលបង្កការងាយស្រួលដល់វិនិយោគ និងមានការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនបរទេសជាច្រើនផងដែរ។
របាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជា គិតតាំងពីឆ្នាំ ១៩៩៤ រហូតមក ត្រឹមខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍ ន៍ កម្ពុជា បានសម្រេចអនុញ្ញាត ឲ្យ ក្រុមហ៊ុនជប៉ុន ជិត ១៥០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុប ជិត ៣ពាន់លានដុល្លារអាមេរិក៕