ភ្នំពេញៈ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទរបស់ក្រុមហ៊ុនHuale Steel (Cambodia) Co., Ltd ដែលមានទុនវិនិយោគ ៤០លានដុល្លារ និងបង្កើតការងារបាន ៥២៣កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យវិនិយោគជាផ្លូវការនៅកម្ពុជា ដោយគម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាម CDC។
នៅលើបណ្តាញសង្គមរបស់ CDC ក្នុងថ្ងៃទី២០ ខែកញ្ញា ក្រៅពីគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុនHuale Steel (Cambodia) Co., Ltd ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តឱ្យគម្រោងចំនួន ៧ផ្សេងទៀតដែរដូចជា គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន, គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប, គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារលំអ និងគ្រឿងបង្គុំអេឡិចត្រូនិកធ្វើពីប្លាស្ទិក, គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារសម្រាប់សត្វចិញ្ចឹម, គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម, គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) និងគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED។ គម្រោងទាំង ៧ មានទុនវិនិយោគសរុប ២៤,៣លានដុល្លារ និងបង្កើតការងារបាន ៣ ៥១៧។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា រយពេល ៨ខែ ដើមឆ្នាំ២០២៣ កម្ពុជាបានបញ្ចេញប្រាក់ ២៥៤,៣៧លានដុល្លារលើការនាំចូលដែក និងដែកថែប(ស្ថិតក្នុងជំពូកទំនិញលេខកូដ៍ ៧២)កើនឡើង ៣,៩ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ២៤៤,៧៥លានដុល្លារ។ ដោយឡែកសម្រាប់ខែសីហា ឆ្នាំ២០២៣ គឺការនាំចូលទំនិញលេខកូដ៍ ៧២ មានទឹកប្រាក់ ៣៨,៤២លានដុល្លារ កើនឡើង ៣០,៣ភាគរយធៀបនឹងខែសីហា ឆ្នាំ២០២២៕