ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹងផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីរូបនេះ ធ្វើឡើងអំឡុងពេលដែលលោកធ្វើជាអធិបតីបើកកិច្ចពិភាក្សាតុមូលស្ដីពីមហាសមុទ្រនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវសម្រាប់សមុទ្រអាស៊ីបូព៌ា» (Towards a Blue Economic Pathway for East Asian Seas) ដែលរៀបចំឡើងដោយអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (Partnership in Environmental Management for the Seas of East Asia – PEMSEA) ។
លោក សាយ សំអាល់ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹងផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់។
លោកមានប្រសាសន៍៖«ជាក់ស្ដែង កម្ពុជា បាននិងកំពុងអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចខៀវ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការផ្គត់ផ្គង់ថាមពលនិងទឹកស្អាតគ្រប់គ្រាន់ ការពង្រឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់និងការគ្រប់គ្រងសំរាម សំណល់រឹង និងជាពិសេស ការពង្រឹងគុណភាពការអប់រំដោយផ្តោតលើពហុភាសា»។
បើយោងតាមលោក សាយ សំអាល់ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាន ជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការកាត់បន្ថយសំណល់ប្លាស្ទីកសមុទ្រ និងកិច្ចគាំពារតំបន់ឆ្នេរ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើន នៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ របស់អង្គការ PEMSEA ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ អង្គការ PEMSEA ជាអង្គការអន្តរជាតិ ដែលមានបេសកកម្មសម្របសម្រួលកិច្ចការពារបរិស្ថានសមុទ្រ មហាសមុទ្រ និងការអភិវឌ្ឍដោយចីរភាព តាមបណ្តាប្រទេសដែលជាសមាជិក រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ហ្វីលីពីន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ទីម័រ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងវៀតណាម ព្រមទាំងមានអង្គការអន្តជាតិជាដៃគូចំនួន២១៕