ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចជាផ្លូវការក្នុងការក្នុងការដាក់ភាគហ៊ុន៤ភាគរយ ស្មើនឹង ១៧ ៣២៦ ៥២១ ភាគហ៊ុនរបស់ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ASA, Plc) ដែលជាភាគហ៊ុនិកនីតិបុគ្គលមួយរបស់ខ្លួនអាចធ្វើការជួញដូរបាននៅលើផ្សារមូលបត្រកម្ពុជា(CSX) សម្រាប់ឆ្នាំ២០២១។
ការណ៍ដាក់ឱ្យជួញដូរភាគហ៊ុនរបស់អេ អេស អេ ភីអិលស៊ីនៅផ្សារមូលបត្រកម្ពុជាធ្វើឡើងប្រមាណជាជាងមួយឆ្នាំបន្ទាប់ពីធនាគារមួយបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាផ្លូវការលើCSX កាលពីចុងខែឧសភាឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹងរបស់ ធនាគារ អេស៊ីលីដាកាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថាក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី ដែលជាភាគហ៊ុនិកនីតិបុគ្គលមួយរបស់ធនាគារ បានធ្វើនិយ័តកម្មភាគហ៊ុនទាំងអស់ទៅឱ្យភាគហ៊ុនិកជាក់ស្តែងម្នាក់ៗ ដែលមានសមាជិកសរុបចំនួន ១១ ៤៨៨នាក់ និងមានភាគហ៊ុនសរុបចំនួន ១០៧ ២០៤ ៥៤៧ ភាគហ៊ុន ស្មើនឹងចំនួន ២៤,៧៩២ ភាគរយ នៃភាគហ៊ុនសរុបរបស់ធនាគារ ដោយអនុលោមតាមវិធាន ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់និយ័តករមូលបត្រកម្ពុជា និងដោយមានការឯកភាពពីភាគហ៊ុនិកនីមួយៗនៃក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី។
សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖«ភាគហ៊ុនដេលបានធ្វើនិយ័តកម្មរួចរាល់នឹងត្រូវដាក់ឱ្យជួញដូរបាននៅលើផ្សារមូលបត្រកម្ពុជាត្រឹម៤ភាគរយ ស្មើនឹង ១៧ ៣២៦ ៥២១ ភាគហ៊ុន សម្រាប់ឆ្នាំ២០២១។ ចំណែកភាគហ៊ុនដែលនៅសល់ចំនួន ២០,៧៤៩២ ភាគរយទៀតនឹងត្រូវអនុវត្តតាមផែនការជាបន្តបន្ទាប់»៕