ភ្នំពេញ៖ កម្ពុជា-ចក្រភពអង់គ្លេសនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅទីស្ដីការក្រសួង
លោក ប្រាក់ សុខុន បានថ្លែងថា៖«ខ្ញុំបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ យើងបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក»។
«យើងបានពិភាក្សាអំពីការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា ក៏ដូចជារិះរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស។ យើងក៏បានឯកភាពបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ផងដែរ» នេះបើយោងតាមការថ្លែងអះអាងរបស់លោក ប្រាក់ សុខុន៕