ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចំណាយប្រាក់ប្រមាណ១០៧លានដុល្លារអាមេរិកក្នុងការអនុវត្ត គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED-III) ជាគម្រោងមួយបន្តពីគម្រោង (LASED-II) ដែលទទួលកម្ចីឥណទានពីធនាគារ ពិភពលោក មានរយៈពេល៦ឆ្នាំ ដែលចាប់អនុវត្តពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ ដោយរំពឹងថាប្រជាពលរដ្ឋក្រីក្រប្រហាក់ប្រហែលចំនួន ១៥ ០០០ គ្រួសារនឹងទទួល បាន ដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III)នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឯកឧត្តម លោកជំទាវ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តទាំង២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំង២៤ខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង២៤ខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូនានា និងអង្គភាពជំនាញតាមខេត្តគោលដៅ ព្រមទាំងប្រជាពលរដ្ឋតាមខេត្តគោលដៅ សរុបប្រមាណជា ៥៥០នាក់ តាមរយៈប្រព័ន្ធ Video Conference Zoom Meeting ។
យោងតាមលោក វេង សាខុន គម្រោង LASED-III មានថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះ ៩៣លានដុល្លារអាមេរិក ជាថវិកា កម្ចីពី ធនាគារ ពិភពលោក (IDA) និង១៤លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជា (RGC) ដែល អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកថា គម្រោងគ្របដណ្តប់លើខេត្តគោលដៅដែលមានដីសមស្របអំណោយផលសម្រាប់យកមកអនុវត្ត លើកលែង តែ រាជធានីភ្នំពេញ ដែលផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាគាំទ្រ បច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន។
លោកបានថ្លែងបន្តទៀតថា៖«លទ្ធផលរំពឹងទុកនៃគម្រោង គឺប្រជាពលរដ្ឋក្រីក្រប្រហាក់ប្រហែលចំនួន ១៥ ០០០ គ្រួសារនឹងទទួល បាន ដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ពួកគាត់នឹងមានការកើនឡើង តាមរយៈ ការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំគ្រប់គ្រងជាសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត»។ លើសពីនោះទៅទៀត ពួកគាត់នឹងមានលទ្ធភាពទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិពាណិជ្ជករ និងសេវាសង្គមទូទៅ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងផងដែរ។
គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) គឺជាគម្រោង ដែលមានសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែក ដីដល់អ្នកក្រីក្រគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាព របស់គ្រួសារ ក្រីក្រនិងក្រុម ងាយរងគ្រោះ។ នេះបើយោងតាមក្រសួងកសិកម្ម។
គម្រោងអនុវត្តការធ្វើសម្បទានដីសង្គមកិច្ចតាមមូលដ្ឋាន ឃុំដែលជាការផ្ទេរដីឯកជនរបស់រដ្ឋទៅដល់ជន ក្រីក្រសម្រាប់គោលបំណងប្រើប្រាស់ជាលំនៅដ្ឋាន និងការធ្វើកសិកម្មតាមគ្រួសារដែលផ្តួចផ្តើមដោយ ឃុំ និងសមាជិករបស់ខ្លួន៖ (i)ចែកដីរបស់រដ្ឋដែលសមស្របសម្រាប់ផ្នែកកសិកម្មរួមជាមួយនឹង សេវាកម្មគាំទ្រ សមស្របទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និង (ii)ណែនាំ និងអនុវត្តដំណើរការដោយតម្លាភាពនិងស្តង់ដារដើម្បីពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើម ឡើងនៅមូលដ្ឋាន។
គម្រោងនេះចាប់អនុវត្តដោយបែងចែកជា៣ដំណាក់កាល គឺ ដំណាក់កាលទី១ (LASED-I ) ឆ្នាំ២០០៨-២០១៥; ដំណាក់កាលទី២ (LASED-II) ឆ្នាំ២០១៦-២០២១;ដំណាក់កាលទី៣ (LASED-III); និង ឆ្នាំ២០២០-២០២៦៕