ភ្នំពេញ៖ ក្រុមហ៊ុន Thunes ជាបណ្តាញទូទាត់សកលឈានមុខ នៅថ្ងៃនេះ បានប្រកាសកាលពីថ្ងៃទី 13 កក្កដា 2021 – នូវភាពជាដៃគូជាមួយធនាគារ ABA ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសអាចផ្ញើប្រាក់ត្រឡប់មកប្រទេសរបស់ខ្លួនវិញពីជុំវិញសកលលោកបានរហ័សក្នុងតម្លៃទាបជាងមុន។
កាលពីមុន អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជាវិញ ត្រូវចំណាយថ្លៃសេវាខ្ពស់ជាមធ្យមជិត 12% សម្រាប់ការផ្ទេរប្រាក់1ចំនួន $200 និងត្រូវរង់ចាំរយៈពេលពីរបីថ្ងៃដើម្បីឲ្យប្រាក់នោះបានមកដល់ដៃរបស់អ្នកទទួល។ ឥឡូវនេះ ជាមួយបណ្តាញសកលទូលំទូលាយ និងសមត្ថភាពថ្មីបំផុតរបស់ក្រុមហ៊ុន Thunes ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅ ធ្វើការ និងសិក្សានៅក្រៅប្រទេសអាចផ្ញើប្រាក់ត្រឡប់មកប្រទេសវិញបានភ្លាមៗក្នុងតម្លៃទាបជាងមុន។ ឧទាហរណ៍ ប្រជាពលរដ្ឋចំណាកស្រុកដែលធ្វើការនៅទ្វីបអឺរ៉ុបអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលមកកាន់សមាជិកគ្រួសារនៅភ្នំពេញវិញបានដោយប្រើធនាគារ ប្រតិបត្តិករ ឬក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយនៅក្នុងបណ្តាញក្រុមហ៊ុន Thunes ហើយប្រាក់នោះនឹងបានទៅដល់អ្នកទទួលភ្លាមៗ។
ដើម្បីជំរុញបន្ថែមនូវប្រសិទ្ធភាព និងតម្លាភាព ប្រជាពលរដ្ឋក្នុងស្រុក និងជនបរទេសនៅប្រទេសកម្ពុជា ក៏នឹងអាចទទួលបានការផ្ទេរប្រាក់ចូលគណនីធនាគារតាមពេលវេលាជាក់ស្តែងពីបណ្តាញដៃគូផ្ញើប្រាក់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Thunes ដែលបន្ថែមពីលើការទូទាត់ជាសាច់ប្រាក់ដែលមានស្រាប់តាមរយៈក្រុមហ៊ុន Thunes នោះ។
លោក Andrew Stewart នាយកបណ្តាញសកល ក្រុមហ៊ុន Thunes មានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់សេវាទូទាត់តាមពេលវេលាជាក់ស្តែងដែលឈានមុខគេក្នុងទីផ្សារនេះ ដោយគាំទ្រដល់សហគមន៍ក្នុងប្រទេស និងក្រៅប្រទេសពឹងផ្អែកលើការផ្ទេរប្រាក់រហ័ស និងសុវត្ថិភាពសម្រាប់តម្រូវការ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ ភាពជាដៃគូរបស់យើងជាមួយធនាគារ ABA កត់សម្គាល់ពីជំហានជោគជ័យដ៏សំខាន់មួយ ខណៈពេលដែលក្រុមហ៊ុន Thunes បន្តធ្វើឲ្យប្រសើរឡើងនូវការចូលមកកាន់កម្ពុជាដែលជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់សកលលោក។”
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិ ធនាគារ ABA មានប្រសាសន៍ថា៖ “នៅធនាគារ ABA យើងខ្ញុំបេ្តជ្ញាចិត្តក្នុងការផ្តល់ឲ្យអតិថិជនអាចចូលប្រើប្រាស់ថវិការបស់ខ្លួនបានដោយងាយស្រួល និងរហ័ស។ ហេតុនេះ យើងខ្ញុំទទួលយកឱកាសនេះដើម្បីប្រើប្រាស់នូវល្បឿន ប្រសិទ្ធភាព និងវិសាលភាពផ្តល់សេវាជាសកលរបស់ក្រុមហ៊ុន Thunes ក្នុងការឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំឲ្យកាន់តែប្រសើរជាងមុន។ ការបង្កើននវានុវត្តន៍ឌីជីថល និងសេវាគុណតម្លៃបន្ថែមដើម្បីផលប្រយោជន៍សហគមន៍កម្ពុជា គឺជាស្នូលនៃចក្ខុវិស័យរបស់ធនាគារ។”
ជាមួយជំនាញច្បាស់លាស់ក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើន ភាពជាដៃគូថ្មីបំផុតជាមួយធនាគារ ABA ពង្រឹងនូវការផ្តោតរបស់ក្រុមហ៊ុន Thunes មកលើប្រទេសកម្ពុជាជាទីផ្សារអាស៊ីចម្បងមួយដែលមានសមត្ថភាពអាចដាក់ឲ្យដំណើរការប្រតិបត្តិការបាន នាពេលឆាប់ៗខាងមុខនេះ៕