ភ្នំពេញៈព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហេឡិននិក(ក្រិក) បានចុះអនុស្សារណៈយោគយល់គ្នា(MoU)ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីសំដៅបង្កើតក្របខណ្ឌនៃការពិភាក្សាលើបញ្ហាអាទិភាពរួមមាន នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងសង្គមវប្បធម៌។
លោក អ៊ុក សោភ័ណ ឯកអគ្គរាជកម្ពុជាប្រចាំនៅប្រទេសថៃ និងលោក Nikolaos Kaimenakis ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពក្រិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំនេះនៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងឱកាសនោះ លោក អ៊ុក សោភ័ណ បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងក្រិកដោយបង្ហាញជំនឿចិត្តថា MoU នេះនឹងផ្ដល់ឱកាសដល់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព។
លោកបន្តថា៖ «អនុស្សារណៈនេះក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតលើវិស័យអាទិភាពសំខាន់ៗនាពេលអនាគត»។
លោក Nikolaos Kaimerakis បានឱ្យដឹងថា ក្រិក និងកម្ពុជាបានបង្កើតទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ គ្រាន់តែប្រទេសទាំងពីរមិនបានទាញយកប្រយោជន៍ណាមួយពីទំនាក់ទំនងនេះ។ លោកនិយាយថា៖«ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការចាប់ផ្តើមក្នុងការឈានទៅរកការអង្គុយជុំគ្នាដើម្បីជជែកពីវិស័យសក្តានុពលនានាដែលប្រទេសទាំងពីរត្រូវសហការគ្នា និងពិនិត្យមើលបញ្ហាប្រឈមទាំងឡាយដែលប្រទេសទាំងពីរអាចដោះស្រាយជាមួយគ្នា។ យើងចង់ឃើញប្រទេសទាំងពីរអាចរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងពេលឆាប់ៗខាងមុខ»។
ក្រិក គឺជាប្រទេសស្ថិតនៅអឺរ៉ុបភាគអាគ្នេយ៍ចុងភាគខាងត្បូងនៃឧបទ្វីបបាល់កង់ ត្រង់ចំណុចប្រសព្វនៃសមុទ្របីគឺ សមុទ្រ Aegean lonianនិងCretan ដែលជាភូមិសាស្ត្រប្រកបដោយសក្តានុពលព្រោះជាច្រកឆ្លងកាត់រវាងអឺរ៉ុបអាស៊ី និងអាហ្វ្រិក។ ក្រិកក៏ជាសមាជិកមួយរូបនៃសហភាពអឺរ៉ុបផងដែរ។
កម្ពុជា និងក្រិកបានបង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦៕