ភ្
នំពេញ៖ABA Bank ដែលជាធនាគារចុះបញ្ជីភាគហ៊ុនរបស់កម្ពុជា បានរាយការណ៍កំណើនប្រតិបត្តិការដ៏រឹងមាំ នៅត្រីមាសទី២ឆ្នាំនេះ ទោះបីជាការរីករាលដាលដោយសារតែព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ កំពុងរំខានដល់សកម្មភាពសេដ្ឋកិច្ចក៏ដោយ។
យោងតាមរបាយការណ៍របស់ធនាគារ ដែលផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១៨ខែសីហា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៤៤៣.៩៣៨ លានរៀល ដែលកើនឡើង ប្រមាណ ២៩ភាគរយ និង ប្រាក់ចំណេញចំនួន ១៩៥.២៤៨ លានរៀល ដែលកើនឡើងប្រមាណ ៤២ភាគរយ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។
ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះ បន្តកើនឡើងជាប្រចាំ ដែលកត់ត្រាប្រាក់ចំណូលសរុបចំនួន ៩៣លានដុល្លារ ចាប់តាំងពីដើមឆ្នាំនេះ។
លោក Yves Jacquot ប្រធានរបស់ធនាគារ ABA បានឲ្យដឹងនៅក្នុងរបាយការណ៍នេះថា នៅត្រីមាសទី២ឆ្នាំ២០២១ ស្ថានការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា កាន់តែធ្ងន់ធ្ងរជាងមុន ដោយសារព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» បណ្ដាលឲ្យមានកំណើនយ៉ាងឆាប់រហ័សនៃករណីឆ្លងរីករាលដាល។
លោកថ្លែងថា៖ « ព្រឹត្តិការណ៍នេះបណ្ដាលឲ្យមានការបិទខ្ទប់នានានៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៣សប្ដាហ៍ ដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានអាជីវកម្មទាំងស្រុង។ កតា្តទាំងនេះ បានបន្តបង្កផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក ជាពិសេសវិស័យបដិសណ្ឋារកិច្ច ទេសចរណ៍ កាត់ដេរ និងសំណង់»។
យោងតាមលោក Jacquot គិតត្រឹមត្រីមាសទី២ឆ្នាំ២០២១ កម្ចីដែលបានរៀបចំឡើងវិញមានចំនួន ១៣ ៨០៦ ជាទឹកប្រាក់ចំនួន ៧០៤លានដុល្លារអាមេរិក។ ចំណែកនៃកម្ចីដែលរៀបចំឡើងវិញនៅក្នុងផលបត្រកម្ចីសរុបមាន១៦ភាគរយ។ ទន្ទឹមនឹងនេះដែរ កម្ចីដែលបានរៀបចំឡើងវិញ ជាកម្ចីដែលមានគុណភាពខ្ពស់ ដោយសារ ៧៥ភាគរយក្នុងចំណោមនោះ បានស្នើសុំរយៈពេលអនុគ្រោះ សម្រាប់ការបង់ប្រាក់ដើម និងបន្តបង់តែការប្រាក់។
លោកលើកឡើងថា៖ «ធនាគារ ABA នឹងបន្តជួយដល់អតិថិជនកម្ចីរបស់ខ្លួន ក្នុងការជម្នះពេលវេលាដ៏លំបាកនេះតាមរយៈគោលនយោបាយរៀបចំកម្ចីឡើងវិញ។ បន្ថែមលើការរៀបចំកម្ចីឡើងវិញ ធនាគារបានបន្តផ្ដល់កម្ចីថ្មីៗដល់អតិថិជនរបស់ខ្លួន ដោយសារការទទួលបានដើមទុន ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មនានា មិនត្រឹមតែនៅពេលសេដ្ឋកិច្ចកំពុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងគ្រាមានវិបត្តិផងដែរ»។ លោកបន្ថែមថា៖«ក្នុងត្រីមាសទី២ឆ្នាំ២០២១ កម្ចីមានចំនួន ៧ ៨២៨ គិតជាទឹកប្រាក់ចំនួន២៧១,២លានដុល្លារអាមេរិក ត្រូវបានផ្កល់ជូនអតិថិជន។ កម្ចីនេះបានបង្កើនផលបត្រកម្ចីដុល របស់ធនាគារប្រមាណ៦ភាគរយ គិតជាទឹកប្រាក់សរុបចំនួន ៤,៥ពាន់លានដុល្លារអាមេរិក។
ធនាគារABA បន្តចូលរួមក្នុងគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២០ (SCFS) ដែលជាគំនិតផ្តួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្ដល់កម្ចីដែលមានអត្រាការប្រាក់សមរម្យ ដល់សហគ្រាសធុនតូច និងមធ្យម។ ក្រោមគម្រោងផ្ដល់កម្ចីនេះ ធនាគារបានផ្ដល់កម្ចីជាចំនួនទឹកប្រាក់ ២,៣លានដុល្លារអាមេរិក សម្រាប់ចំណាយដើមទុន និងទុនបង្វិលដែលមានអត្រាការប្រាក់ពិសេស ៧ភាគរយ ក្នុងមួយឆ្នាំ និងមានរយៈពេលរហូតដល់៧ឆ្នាំ៕