ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជានៅកម្រិត៥,៣%ក្នុងឆ្នាំ២០២២ប៉ុន្តែបានបន្ទាបការព្យាករឆ្នាំ២០២៣មកនៅត្រឹម៦,២%ពី៦,៥%ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។
យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO 2022 Update)ចេញផ្សាយនៅថ្ងៃនេះការនាំចេញផលិតផលសម្លៀកបំពាក់ទំនិញធ្វើដំណើរនិងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំជាមួយកំណើន៣៩,៨%ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងអឺរ៉ុបក៏ដោយ។វិស័យកម្មន្តសាលមិនមែនកាត់ដេរបានបន្តសន្ទុះកំណើនដ៏រឹងមាំ។វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗជាមួយការនាំចូលសម្ភារសំណង់កើនឡើង២២,៨%។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង៩,១%នៅឆ្នាំនេះមុនពេលថយមកត្រឹម ៨,៦%នៅឆ្នាំ២០២៣ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។
នាយិកាADB ប្រចាំកម្ពុជា លោកស្រីJyotsana Varma បានមានប្រសាសន៍ថា«ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជានិងការងើបឡើងវិញបន្តិចម្តងៗក្នុងវិស័យសំណង់និងសេវាកម្មបានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងជីនិង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោកសម្រាប់ពលរដ្ឋក្រីក្រ។»
របាយការណ៍ខាងលើបានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២របស់កម្ពុជាទៅ៥,០% ពីការព្យាករ ៤,៧% ក្នុងខែមេសាដោយសារឥទ្ធិពលរាលដាលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ត្រូវបានរក្សាទុកនៅ២,២% ។
ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមានការលចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មីនិងជំងឺអុតស្វាកំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការកំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់តែទន់ខ្សោយការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលនិងការកើនឡើងនៃថ្លៃថាមពលនិងទំនិញនានាដែលអាចអាក្រក់ជាងការរំពឹងទុក៕