ភ្នំពេញ៖កម្ពុជាកំពុងពិនិត្យលទ្ធភាពជ្រើសរើសធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ(ARDB)ជាយន្តការហិរញ្ញប្បទានបៃតងក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគបៃតងនៅកម្ពុជា។
ការបង្ហើបពីផែនការនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាលើការរៀបចំស្ថាប័នហិរញ្ញប្បទានបៃតងសម្រាប់កម្ពុជា កាលពីចុងសប្តាហ៍មុន តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងនៃអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ ព្រមទាំងក្រុមហ៊ុន Mekong Strategic Partners និងតំណាងធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូងសរុបចំនួន ៣៣ នាក់។
នៅក្នុងកិច្ចប្រជុំនេះ ស្ថាប័នហិរញ្ញប្បទានបៃតង ដែលប្រតិបត្តិដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង ក៏បានចែករំលែកនូវបទពិសោធន៍ និងជោជ័យដែលធនាគារនេះទទួលបានមូលនិធិពីយន្តការមូលនិធអាកាសធាតុបៃតង(GCF)សម្រាប់ការអភិវឌ្ឍន៍គម្រោងវិនិយោគបៃតងនៅក្នុងប្រទេសរបស់ខ្លួនដោយទាញយកមូលនិធិរហូត ១០០ លានដុល្លានៅឆ្នាំ២០១៩។
GCFដំណើរការតាមរយៈបណ្តាញអង្គភាពដែលមានការទទួលស្គាល់ជាង ២០០ និងដៃគូចែកចាយដែលធ្វើការដោយផ្ទាល់ជាមួយប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់ការរចនានិងការអនុវត្តគម្រោង។
GCF បានឱ្យដឹងថា៖ «ការប្រែប្រួលអាកាសធាតុកំពុងដំណើរការលឿនជាងយើង។ យើងត្រូវការមហិច្ឆតានិងភាពបន្ទាន់ជាច្រើនទៀត។ ហិរញ្ញវត្ថុគឺជាគន្លឹះ។ ប្រទេសអភិវឌ្ឍន៍ប្រជាជាតិត្រូវបំពេញតាមការសន្យារបស់ខ្លួនក្នុងការកៀរគរប្រាក់ ១០០ ពាន់លានដុល្លារក្នុង១ឆ្នាំសម្រាប់ការកាត់បន្ថយនិងការសម្របខ្លួននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមូលនិធិអាកាសធាតុបៃតងមានតួនាទីសំខាន់»៕