ភ្នំពេញ៖សមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC) និងសមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជា (TBCC) បានចុះក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ភាពជាដៃគូ ដើម្បីសហការគ្នាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគជាពិសេសគឺដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចការទូតរបស់កម្ពុជា។
MoU នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១ រវាងលោក សុធា សម្បត្តិ ប្រធាន CBC និងលោកស្រី Jiranun WONGMOGKOL ប្រធាន TBCC នៅទីក្រុងភ្នំពេញ។
លោក សុធា សម្បត្តិ បានឲ្យដឹងថា បេសកកម្មស្នូលរបស់ CBC នឹងអភិវឌ្ឍទំនាក់ទំនងរវាងសមាជិកទាំងពីរ និងសហគមន៍ធុរកិច្ចថៃ និងកម្ពុជា និងដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសថៃ និងកម្ពុជា។
លោកថ្លែងថា៖ «ដើម្បីសម្រេចបានទិសដៅនេះ យើងផ្ដល់នូវវេទិកាដ៏ទូលំទូលាយមួយ ដើម្បីលើកកម្ពស់អត្ថប្រយោជន៍សមាជិក អ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ រៀបចំសន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍នានាដើម្បីភ្ជាប់ទំនាក់ទំនងរវាងសហគមធុរកិច្ចថៃ និងកម្ពុជា»។
លោកលើកឡើងថា៖ «គោលបំណងនៃកិច្ចសហការMOUនេះ គឺដើម្បីផ្ដល់ និងផ្លាស់ប្តូរព័ត៌មាន ក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍពាណិជ្ជកម្មរបស់សមាជិកគ្រប់ភាគី»។
លោកស្រី Jiranun WONGMOGKOL បានឲ្យដឹងថា TBCCត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ នៅក្នុងប្រទេសកម្ពុជា។ លោកស្រីថា ការសហការគ្នាជាមួយ CBC គឺដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងថៃ។
លោកស្រីថ្លែងថា៖ «MoUនេះគឺជាជំហានដ៏សំខាន់មួយទៀត សម្រាប់TBCC ក្នុងការផ្ដល់ឱកាសមួយដើម្បីធ្វើការងាររួមគ្នា និងសហប្រតិបត្តិការជាមួយគ្នា ជាពិសេសគឺផ្លាស់ប្តូរព័ត៌មាន និងសកម្មភាពដែលនឹងជួយដល់ភាគីទាំងពីរ ដើម្បីសម្រេចបានគោលបំណងប្រកបដោយប្រសិទ្ធភាព»។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃអបអរសាទរចំពោះ ក្រុមប្រឹក្សា ធុរកិច្ចទាំងពីរចំពោះកិច្ចសហការនេះ ។
លោកបានប្រាប់PlusOneពីថ្ងៃទី៦ខែកញ្ញាថា៖ «ក្នុងនាមស្ថានទូត យើងខ្ញុំតែងគាំទ្រជានិច្ចចំពោះ ការអភិវឌ្ឍវិស័យឯកជន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ហើយខ្ញុំយល់ថាពិធីចុះអនុស្សរណៈរវាង CBC និង TBCC ថ្ងៃនេះ គឺព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងជួយចូលរួមចំណែកដល់ជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទេ្វភាគីកម្ពុជា-ថៃ ឱ្យកាន់តែប្រសើរថែមទៀត»។
លោកបានថ្លែងបន្តទៀតថា ចាប់ពីពេលនេះទៅ CBC និង TBCC នឹងដើរតួជាស្ពានជួយផ្តល់ព័ត៌មានអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដូចជាតភ្ជាប់ធុរជននៃប្រទេសទាំងពីរស្វែងរកដៃគូពាណិជ្ជកម្មដ៏ត្រឹមត្រូវពិតប្រាកដ។
លោកបានថ្លែងបន្តថា៖«កិច្ចសហការនេះ ក៏នឹងបើកផ្លូវដល់សមាគមទាំងពីរ ពង្រឹងកិច្ចសហការ ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ ដើម្បីផ្តល់ឱកាសធុរកិច្ចថ្មីៗជូនវិស័យឯកជន ក្នុងការពង្រីកអាជីវកម្មថែមទៀត ដែលកិច្ចការទាំងអស់នេះគឺដើរស្របទៅនឹងគោលដៅនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣»៕