ភ្នំពេញៈ គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ៣ ដែលមានទុនវិនិយោគសរុប៨,៥លានដុល្លារ និងបង្កើតការងារបានជាង ៤ ៣០០កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)អនុម័តក្នុងសប្តាហ៍នេះ។
សេចក្តីប្រកាសព័ត៌មានរបស់CDC ឱ្យដឹងថា តបតាមសំណើសុំវិនិយោគក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនNew T&K Textile Co., Ltdលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ២លានដុល្លារ អាចបង្កើតការងារបាន ២៣០០កន្លែង,គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន Yuan Shen Tai Co., Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ៣,២លានដុល្លារបង្កើតការងារបាន ៩៧៨កន្លែង និងគម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន Fortune Broad Footwear Co., Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ៣,៣លានដុល្លារ និងអាចបង្កើតការងារបាន ១០២៨កន្លែង។
កម្ពុជារំពឹងថា នឹងអាចស្រូបបានការចូលមកបណ្តាក់ទុនវិនិយោគកាន់តែច្រើននៅពេលច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈតំបន់/ប្រទេសចិន ចូលជាធរមាន ខណៈសេចក្តីព្រាងច្បាប់ទាំងនេះទើបទទួលបានការអនុម័តពីរដ្ឋសភាកាលពីសប្តាហ៍មុន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន ៧០ ក្រោមទុនវិនិយោគសរុប ២ ៤២៨ លានដុល្លារក្នុងឆមាសទី ១ ឆ្នាំ ២០២១។ នេះបើយោងតាមការគណនាដោយកាសែតភ្នំពេញប៉ុស្តិ៍ចំពោះតែគម្រោងត្រូវបាន CDC បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការចាប់ពីខែមករាដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១៕