ភ្នំពេញៈ ក្រុមហ៊ុន DBD Engineering Plc ដែលជាក្រុមហ៊ុនពហុបំណងផ្នែកវិស្វកម្ម និងសំណងឈានមុខនៅកម្ពុជា ត្រូវបានចុះបញ្ជីជាផ្លូវការលក់មូលបត្រកម្មសិទ្ធិលើកដំបូងនៅក្នុងទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(CSX)កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១។
លោក នាង វិធី នាយកគ្រប់គ្រងក្រុមហ៊ុន DBD Engineering Plc បានថ្លែងថា ក្រុមហ៊ុន BDB បានបង្កើតនូវប្រតិសាស្រ្តថ្មីក្នុងនាមជាក្រុមហ៊ុនដំបូងបង្អស់បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។លោកថ្លែងទៀតថា៖ «ខ្ញុំពិតជាមោទនភាពចំពោះសមទ្ធិផលនេះជាខ្លាំង ដែលក្រុមហ៊ុននេះបានសម្រេចជោគជ័យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈក្នុងអំឡុងពេលដ៏លំបាកនេះ។ខ្ញុំសូមថ្លែងអំណគុណដ៏ជ្រាលជ្រៅដល់ចំពោះវិនិយោគិនទាំងអស់ដែលបានគាំទ្រ ទុកចិត្តមកលើក្រុមហ៊ុន BDB ដែលជាហេតុនាំឱ្យការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន BDB ទទួលបានជោគជ័យដ៏ល្អប្រសើរដោយមានបរិមាណប្រតិបត្តិការភាគហ៊ុនលើសពីទំហំបោះផ្សាយ»។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា ថ្លែងក្នុងកម្មវិធីនេះថា ក្រុមហ៊ុន DBD Engineering ក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្មនិងសំណងដំបូងគេដែលបានធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា។លោកថ្លែងបន្តថា៖ «កម្មវិធីនេះថ្ងៃគឺបង្ហាញពីការវិវត្តន៍ថ្មីរបស់ទីផ្សារមូលបត្រកម្ពុជាដែលមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទី១នៅក្នុងទីផ្សារកំណើន និងបានឆ្លុះបញ្ចាំងឱ្យឃើញនូវឆន្ទះរបស់ក្រុមហ៊ុនវិនិយោគិនសាធារណៈ ហើយក៏បង្ហាញពីទំនុកចិត្តទីផ្សារដែលបាននិងកំពុងកើតមានឡើងដែលអនុញ្ញាតឱ្យយើងជាច្រកមួយសម្រាប់ធ្វើពិពិធកម្មហិរញ្ញប្បទានរបស់ក្រុមហ៊ុន។ នេះក៏ជាឱកាសវិនិយោគសម្រាប់វិនិយោគិនសាធារណៈរបស់យើងផងដែរ»។
លោកបន្តថា មានក្រុមហ៊ុនជាច្រើនទៀតបានយកក្រុមហ៊ុន DBD ជាគំរូក្នុងការឈានជើងចូលទីផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់។លោកថ្លែងបន្តថា៖«ខ្ញុំសូមឱ្យក្រុមហ៊ុន ក្រុមហ៊ុន DBD Engineering PlC និងក្រុមហ៊ុន SBI Royal Securities បន្តយកចិត្តទុកដាក់អនុវត្តតាមច្បាប់និងបទប្បញ្ញាត និងលក្ឋខណ្ឌតម្រូវផ្សេងៗបានម៉ឺងម៉ាត់ក្នងនាមជាក្រុមហ៊ុនចុះបញ្ជី ដើម្បីរក្សាឱ្យបានសណ្តាប់ធ្នាប់ និងប្រសិទ្ធភាព ពិសេសទំនុកចិត្តដល់វិនិយោគិនទៅលើក្រុមហ៊ុនរបស់ខ្លួន»។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុន ចុះបញ្ជីចំនួន ១៤ ក្នុងនោះ ក្រុមហ៊ុន ៨ បានចុះបញ្ជីជាភាគហ៊ុននិងក្រុមហ៊ុន ៦ ទៀតបានចុះបញ្ជី ជាសញ្ញាបណ្ណអាជីវកម្ម។ក្រុមហ៊ុនទាំង ១៤ នេះ បានប្រមូលទុនទីផ្សារមូលបត្រសរុបជាង ៥៧ លានដុល្លារ។
តាមរយៈនេះយើងឃើញថា« ក្រុមហ៊ុនដែលចុះបញ្ចីមិនត្រឹមតែមានលទ្ធភាពទទួលបាន ប្រភពទុនដែល មិនចេះរីងស្ងួត ដែលមានថ្លៃដើមទាប ថែមទាំងទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល ក្នុងការបង្កើន កេរ្តិ៍ឈ្មោះនៅ លើឆាកជាតិ និងអន្តរជាតិ»៕