ភ្នំពេញៈបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និង EuroCham Cambodia កាលពីថ្ងៃទី ៨ខែមិថុនា ឆ្នាំ ២០២២បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជួយគាំទ្រដល់ការវិវត្តនៃគោលដៅរបស់រដ្ឋាភិបាលឆ្ពោះទៅការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោក សេង សុភាព ប្រធាន CADT បានឲ្យដឹងថា នវានុវត្តន៍ឌីជីថលគឺជាប្រធានបទដែលត្រូវឆ្លងកាត់ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិដូចគ្នា។ ភាពជាដៃគូជាមួយ EuroChamនឹងជំរុញការផ្លាស់ប្តូរឌីជីថល និងការបង្កើនសមត្ថភាពប្រកួតប្រជែង។ MoU នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមស្រាវជ្រាវ និងក្រុមអភិវឌ្ឍន៍របស់CADT ឱ្យមានសេវាកម្មដែលសមស្របជាងមុន ហើយសំខាន់បំផុតគឺបង្កើតឱកាសថ្មីសម្រាប់ទេពកោសល្យឌីជីថលវ័យក្មេងរបស់កម្ពុជា។
លោកបានមានប្រសាសន៍ថា៖«យើងមានក្តីរំភើបក្នុងការនាំយកប្រព័ន្ធអេកូឡូស៊ីរបស់យើងជាមួយសមាជិក EuroChamដើម្បីបង្កើនការយល់ដឹង និងបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ដូចជាពិព័រណ៍អាជីព និងព្រឹត្តិការណ៍ផ្សព្វផ្សាយបច្ចេកវិទ្យា។ ចំណុចលេចធ្លោមួយដែលខ្ញុំពិតជារំភើបនោះគឺ ជាកម្មវិធីបណ្តុះបណ្តាលរយៈពេល ៥០ម៉ោង។ សមាជិក EuroChamនឹងចំណាយពេល ៥០ម៉ោងជាមួយសិស្សរបស់យើងក្នុងទម្រង់នៃសិក្ខាសាលា ដើម្បីភ្ជិតគម្លាតជំនាញ និងបង្កើនការយល់ដឹងបន្ថែម»។
លោក Matthew Tippetts ប្រធានគណៈកម្មាធិការឌីជីថល និងបច្ចេកវិទ្យារបស់ EuroCham បានថ្លែងថា៖ MOU នេះគឺជាជំហានដំបូងក្នុងភាពជាដៃគូរួមរវាង EuroChamនិង CADT។
លោកបានថ្លែងថា «សមាជិករបស់យើងអាចចែករំលែកចំណេះដឹង និងជំនាញរបស់ពួកគេជាមួយនិស្សិត CADT ខណៈពេលដែលធ្វើការកាន់តែជិតស្និទ្ធលើគំនិតផ្តួចផ្តើមបណ្តុះបណ្តាល ហាត់ការ និងការជ្រើសរើសបុគ្គលិក។ យើងមានកិត្តិយស និងសាទរយ៉ាងខ្លាំងចំពោះឱកាសនេះ»។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ បានឲ្យដឹងថា MoUរវាង CADT និង EuroChamគឺជាការបង្ហាញដ៏ល្អមួយ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្ឌិត្យសភា និងអ្នកនៅក្នុងឧស្សាហកម្មនេះ។
លោកលើកឡើងថា៖ «កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ទេពកោសល្យឌីជីថលតាមរយៈកម្មវិធីសិក្សាផ្អែកលើការងារផងដែរ។ កម្មវិធីនេះនឹងអាចឱ្យនិស្សិតទទួលបានបទពិសោធន៍ផ្ទាល់ ដែលផ្តល់ឲ្យពួកគេនូវជំនាញការងារដែលតម្រូវដោយឧស្សាហកម្ម និងបង្កើនលទ្ធភាពការងាររបស់ពួកគេសម្រាប់ទីផ្សារការងារបច្ចុប្បន្ន និងនៅពេលអនាគត»៕