ភ្នំពេញៈ សិក្ខាសាលាស្តីអំពីអត្ថប្រយោជន៍ក្រោមកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ(Double Taxation Agreement-DTA ) សម្រាប់ធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ (GDT) ជាមួយនឹងសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងសហគ្រាសដែលជាសមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងតំណាងសហគ្រាសផ្សេងទៀតប្រមាណ៥០០នាក់។
លោក គង់ វិបុល បាននិយាយថា ឆ្នាំ២០២១ នេះគឺជាឆ្នាំទី១ ដែលកិច្ចព្រមព្រៀង DTA កម្ពុជា-ម៉ាឡេស៊ី មានប្រសិទ្ធភាពអនុវត្ត បន្ទាប់ពីបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។ លោកបន្តថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមអំពី DTA កម្ពុជា-ម៉ាឡេស៊ី ជូនដល់ក្រុមហ៊ុនម៉ាឡេស៊ី ដែលបាននិងកំពុងបណ្តាក់ទុននៅកម្កុជា ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នានាក្រោមDTA ក៏ដូចជានីតិវិធីដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ។
ជាមួយគ្នានេះ លោក គង់ វិបុល ក៏បានលើកឡើងផងដែរថា ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងបានផ្តល់អត្ថប្រយោជន៍ក្រោមDTA ក៏ដោយ ក៏កម្ពុជានៅតែរក្សាបានចំណូលពន្ធកម្រិតល្អតាមរយៈការហូរចូលបន្ថែមនៃវិនិយោគបរទេស និងការធ្វើទំនើបកម្មប្រព័ន្ធប្រកាសពន្ធតាមអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាពិសេសបច្ចុប្បន្នអ្នកស្នើសុំអត្ថប្រយោជន៍ក្រោមDTA ក៏អាចដាក់ពាក្យស្នើសុំអត្ថប្រយោជន៍នេះតាមអនឡាញបានផងដែរ»។
យោងតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល ៩ខែឆ្នាំ២០២១ ការប្រមូលចំណូលពន្ធសម្រេចបានប្រមាណ ២ ១១១,០៩លានដុល្លារ ស្មើនឹង ៩៤,១២ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ បើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថាថយចុះ ១៣៥,៨៦លានដុល្លារ ឬស្មើនឹង -៦,០៥ភាគរយ៕