ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ(GDT) នឹងសហការជាមួយបណ្តាតំណាងសហគ្រាសក្រុមហ៊ុនចំនួន ៤៩ ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណេតនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការឆ្លើយតបទៅនឹងការរីកចម្រើននៃប្រភេទអាជីវកម្មតាមប្រព័ន្ធអនឡាញ នារយៈពេលចុងក្រោយនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ បានឱ្យដឹងថា ការពង្រឹង ការអនុវត្តអាករលើតម្លៃបន្ថែមនេះ គឺដើរស្របនឹងអនុក្រឹត្យលេខ ៦៥ អនក្រ.បក ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់ អនិវាសនជននៅក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងគោលដៅផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកជាប់ពន្ធត្រៀមខ្លួនសម្រាប់ការបំពេញកាតព្វកិច្ចនេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងលេខ ៧៧៦ អពដ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដោយអនុញ្ញាតពន្យាកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តប្រកាសលេខ ៥៤២ សហវ.ប្រក (វិធាននិងនីតិវិធីអនុវត្ត អាករលើតម្លៃបន្ថែម ចំពោះ E-Commerce) រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីទុកពេលវេលាបន្ថែមដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់បន្ថែម និងត្រៀមខ្លួនអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ។
ក្នុងកិច្ចប្រជុំជាមួយតំណាងសហគ្រាស ក្រុមហ៊ុនចំនួន ៤៩ កាលពីថ្ងៃទី៧ ខែកម្ភៈ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អាជីវកម្មតាមអនឡាញ វិស័យអនឡាញ និងអ៊ិនធឺណេតមានសន្ទុះ យ៉ាងខ្លាំង និងកើនឡើងយ៉ាងគគ្រឹកគគ្រេង ខណៈសហគ្រាសមួយចំនួនបានចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធ ក៏ប៉ុន្តែក៏មានសហគ្រាសមួយចំនួនធំពុំទាន់បានចុះបញ្ជី និងយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅឡើយ។
លោកបន្តថា ដូចនេះការពង្រឹងការគ្រប់គ្រង សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងអនុលោមភាពសារពើពន្ធសម្រាប់វិស័យនេះ។
លោក ថ្លែងថា៖«កិច្ចប្រជុំថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធដារមានបំណងក្នុងការផ្សព្វផ្សាយ និងពង្រឹងកិច្ចសហការពីបណ្ដាសហគ្រាសជាអ្នកផ្គត់ផ្គង់សេវាអ៊ិនធឺណេត (Internet Service Provider – ISP) ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដោយក្នុងករណីសហគ្រាសមិនចុះបញ្ជីនិងបំពេញកាតព្វកិច្ច សារពើពន្ធ វិធានការចាំបាច់នានាក្នុងការរាំងខ្ទប់នូវប្រតិបត្តិការ តាមប្រព័ន្ធអេឡិចត្រូនិកនានា»។
បើតាមលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារបានស្វាគមន៍ចំពោះរាល់ធាតុចូល និងកិច្ចសហការនានាលើផ្នែកបច្ចេកទេស ពាក់ព័ន្ធជាមួយនឹងបណ្តាសហគ្រាស ក្រុមហ៊ុននានា ដើម្បីឱ្យការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែប្រសើរ សំដៅធានាបាននូវការប្រមូលចំណូលពន្ធដារកើនឡើងប្រកបដោយចីរភាព៕