ភ្នំពេញ៖ កម្ពុជានឹងទទួលបានទឹកប្រាក់ចំនួន ០,២៤ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក (ប្រមាណ ២៤០ លានដុល្លារ) ក្នុងចំណោមទឹកប្រាក់សរុបប្រហែល ៦៥០ ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានអនុម័តផ្តល់ដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ឡើងវិញ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម ដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ១១ ខែសីហាបានឱ្យដឹងថា៖ «ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជថវិកាទូទៅមួយពីគណនីមូលនិធិពិសេស (the largest Special Drawing Rights (SDRs)) ជាប្រវត្តិសាស្ត្រ ដែលស្មើនឹង ៦៥០ ពាន់លានដុល្លារ កាលពីដើមខែសីហានេះ ដើម្បីជំរុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោក។ កម្ពុជានឹងទទួលបានចំនួន ០,២៤ ពាន់លានដុល្លារ»។
លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម (Oxfam) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «ថវិកា SDRs ថ្មីនេះនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ»។
លោកស្រីថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារ «យ៉ាងល្អ» ដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន»។
លោកស្រី លីម សូលីន អំពាវនាវឱ្យរាជរដ្ឋាភិបាលបន្តធ្វើការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឱ្យបានល្អបំផុត ឧទាហរណ៍ ដោយផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាពដើម្បីសម្រេចបានការងើបឡើងវិញ ពីជំងឺរាតត្បាតជាសកលនេះ ប្រកបដោយសមភាព និងកាន់តែមាននិរន្តរភាពថែមទៀត។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់ការរកឃើញរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងឆ្នាំ ២០២១ ថា បច្ចុប្បន្ននេះ វិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធតំណាងឱ្យប្រមាណ ៨៧ ភាគរយនៃសេដ្ឋកិច្ចកម្ពុជា និងបានដកស្រង់ការរកឃើញរបស់ក្រសួងផែនការដែលបានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦ លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេ នៅខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវធានាថា កម្មវិធីផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា»។
SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយ ដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោកដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។ ថវិកានេះ មិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះ គឺជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិនេះ៕