ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)នឹងធ្វើការដកហូតក្រដាសប្រាក់រៀលដែលមានការខូចខាតឬបាត់បង់ទ្រង់ទ្រាយ ប៉ុន្តែនៅតែរក្សាការប្តូរថ្មីនូវក្រដាស់ប្រាក់រៀលចាស់ ទក់ រហែកដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ។
សេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់គុណតម្លៃ ប្រាក់រៀលបានផ្សាយកាលពីថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ក្នុងករណីដែលក្រដាសប្រាក់រៀលមានការខូចខាតឬបាត់បង់ទ្រង់ទ្រាយ ដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃ ធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃកម្ពុជា សូមរក្សាសិទ្ធិដកហូតដោយគ្មានសំណង។
សេចក្តីប្រកាសព័ត៌មាន បន្តថា មាត្រា ៥១ ចែងថា «ធនាគារកណ្តាលអាចបដិសេធមិនប្តូរក្រដាសប្រាក់និងកាស បើសិនជា រូបភាពវាលែងមានភាពច្បាស់លាស់ បាត់បង់រូបភាពដើមឬធ្លុះធ្លាយឬដែលបាត់បង់ទំហំ ៣០ភាគរយឬលើសពីនេះ។ រូបិយវត្ថុទាំងនេះត្រូវដកចេញពីចរាចរហើយបំផ្លាញចោល ដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេសដែលធនាគារកណ្តាលអាចយល់ព្រម សងមួយចំណែកឬទាំងអស់»។
មាត្រា ៥២ ចែងថា «ក្រដាសប្រាក់ក្លែងក្លាយដែលយកមកបង់ឬប្តូរត្រូវរឹបអូសដោយគ្មានសំណាង ហើយត្រូវជូនព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច»។
មាត្រា ៥៣ ចែងថា «ម្ចាស់ប្រាក់មិនអាចទាមទារពីធនាគារកណ្តាលឱ្យសង ចំពោះក្រដាស ប្រាក់ឬកាសណាដែលខ្លួនធ្វើឱ្យបាត់បង់ឬធ្វើឱ្យអន្តរាយឡើយ។ ធនាគារកណ្តាលអាចដកហូតយក ដោយគ្មានថ្ងូរនូវក្រដាសប្រាក់ដែលមានការខូចខាតរូបភាពក្រៅ ពិសេសចំពោះក្រដាសប្រាក់ណា ដែលមានសរសេរ លាបពណ៌ បោះពុម្ព បោះត្រាឬបិទវត្ថុស្អិតពីលើឬឆ្លុះធ្លាយឬបាត់រូបភាពដោយ ប្រការណាក៏ដោយ»។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និង ពង្រឹងសាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាជនកម្ពុជា នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃ ប្រាក់រៀល៕