ភ្នំពេញ៖ សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)ត្រូវបានជ្រើសរើសជា«សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» (The Best Asian Cookbook) ក្នុងកម្មវិធីតាំងពិព័រណ៍Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។
សៀវភៅកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ សៀវភៅនេះបានជ្រើសរើសសម្រិតសម្រាំងយកមុខម្ហូប និងបង្អែមខ្មែរចំនួន៣៨មុខ ដោយណែនាំពីវិធីចម្អិនងាយៗ និងបានបង្ហាញពីគន្លឹះនៃការជំនួសគ្រឿងផ្សំរបស់ខ្មែរមួយចំនួនដែលងាយស្រួលរកនៅបរទេសព្រមទាំងបានរំលេច និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ដូចជា ម្រេចកំពត អង្ករផ្កាម្លិះ និងស្ករត្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងបានថ្លែងថា៖«ការទទួលបានពានរង្វាន់«សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ»នាពេលនេះគឺជាមោទនភាពជាតិនិងជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យការទូតម្ហូបអាហារសំដៅផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកេរ្ដិ៍ដំណែលនិងប្រណីតភាពនៃសិល្បៈម្ហូបខែ្មរដែលជាអត្តសញ្ញាណនៃអរិយធម៌ដ៏វិសេសវិសាលរបស់កម្ពុជា»។
ការលើកតម្កើងវិស័យការទូតម្ហូបអាហារនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ដែលមានគោលដៅលើកស្ទួយកិត្យានុភាពជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
កម្មវិធី Gourmand World Cookbook Awardត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោកEdouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទូទាំងសកលលោក។ នៅក្នុងឆ្នាំ២០២១នេះ មានការចូលរួមពីប្រទេសចំនួន១៩៨ដោយមានសៀវភៅសរុបចំនួន ៤០០០ក្បាល ដែលត្រូវបានជ្រើសរើសមកប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នេះ។ គួរបញ្ជាក់ថា ពានរង្វាន់ហ្គ័រម៉ង់ នេះត្រូវបានគេទទួលស្គាល់ថាជា ពានរង្វាន់អូស្ការ សម្រាប់វិស័យម្ហូបអាហារ។
សៀវភៅមុខម្ហូបកេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែររួមជាមួយផលិតផល និងម្ហូបខ្មែរជាច្រើនមុខផ្សេងទៀតក៏ត្រូវបានដាក់បង្ហាញនិងដាក់ជាគំរូជូនអ្នកទស្សនាភ្លក់រសជាតិ នៅតាមបណ្ដាប្រទេសនានាទូទាំងពិភពលោកដោយស្ថានតំណាងកម្ពុជានៅបរទេស ក្នុងនោះរួមមាន ប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសស៊ុយអែត ប្រទេសកូរ៉េ ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង៕