ភ្នំពេញៈ តំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាប់លេខ ១ ជាតំបន់ទេសចរណ៍ប្រណីត(Luxury Tours) លំដាប់ពិភពលោកសម្រាប់ដំណើរទេសចរណ៍រយៈពេល ៣ថ្ងៃដែលត្រូវបានផ្តល់ដោយគេហទំព័រ Tripadvisor។
គេហទំព័រ Tripadvisor កាលពីថ្ងៃទី២៤ ខែមិថុនា បានឱ្យដឹងថា តំបន់ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិបណ្តែតទឹក និងប្រាសាទបន្ទាយស្រី ក្នុងខេត្តសៀមរាប បានជាប់លេខ ១ក្នុងពិភពលោកជាកន្លែងទេសចរណ៍ប្រណីសម្រាប់ដំណើរកម្សាន្តរយៈពេល ៣ថ្ងៃ។
កាលពីខែមេសា ក្រសួងទេសចរណ៍នឹងធ្វើការសហការជាមួយក្រសួងសុខាភិបាលសិក្សាអំពីលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ ដែលមកពីប្រទេស/តំបន់មានហានិភ័យទាប ដើម្បីស្រោចស្រង់ឧស្សាហកម្មនេះ ដែលបានកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ពីការរីករាលដាលជំងឺកូវីដ ១៩ ជាងមួយឆ្នាំកន្លងមកនេះ។ ក្រសួងរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ខាងមុខនេះ។
វិបត្តិនៃជំងឺសកលកូវីដ១៩ បានធ្វើឱ្យការធ្វើដំណើរលក្ខណៈអន្តរជាតិធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីឆ្នាំ២០២០ មក។ យោងតាមទិន្នន័យ នៅក្នុងរយៈពេល ៤ខែដំបូងឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជា មានចំនួនសរុប ៨២ ៨៣៩នាក់ ធ្លាក់ចុះ ៩២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍៕