ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត ស្ដេហ្វង់ ហេក ប្រធានគណបក្ស CDU Marburg-Biedenkopf អមដោយតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់។
ថ្លែងក្នុងជំនួប លោកជំទាវរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូអាល្លឺម៉ង់ និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលមានជាអាទិ៍ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍសង្គមឌីជីថល ការអភិវឌ្ឍវិស័យឯកជននិងការងារ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (រួមមាន៖ កំពង់ផែទឹកជ្រៅ ព្រែកជីក ផ្លូវដែក និងផ្លូវល្បឿនលឿន) ដែលប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។
ជាការឆ្លើយតប ភាគីអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ និងកោតសរសើរអំពីសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមានរបស់កម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងសង្គមកិច្ច។ ជាមួយគ្នានេះ ក្រៅពីបានជម្រាបជូនអំពីកម្មវត្ថុ និងប្រតិបត្តិការរបស់មូលនិធិ KAS នៅកម្ពុជា គណៈប្រតិភូអាល្លឺម៉ង់ក៏បានជម្រាបជូនអំពីគោលបំណងក្នុងការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ឱ្យរីកលូតលាស់ក្នុងគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកអំពីឧត្តមានុវត្តន៍ និងគោលនយោបាយ ដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស ពោលគឺក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងចាំបាច់ ការធ្វើឌីជីថលភាវូបនីយកម្ម ការកសាងជំនាញ និងការចូលរួមសហការដោះស្រាយបញ្ហាបរិស្ថាន ថាមពល និងសេដ្ឋកិច្ចសកលជាដើម៕