ភ្នំពេញ:មន្រ្តីជាន់ខ្ពស់និយ័តករមូលបត្រកម្ពុជា(ន.ម.ក.)បានឱ្យដឹងថា បច្ចុប្បន្ន ន.ម.ក. កំពុងធ្វើការជាមួយធនាគារអភិវឌ្ឍនអាស៊ី(ADB) និងធនាគារពិភពលោកដើម្បីអភិវឌ្ឍន៍ហិរញ្ញប្បទាននិរន្តភាពសម្រាប់វិស័យមូលបត្រកម្ពុជា។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក.នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំជាមួយនឹងអ្នកជំនាញការនៃធនាគារពិភពលោក(World Bank)ដែលដឹកនាំដោយលោកស្រីRatchada Anantavrasilpa ដើម្បីពិភាក្សាទៅលើ “Toolkits for Policymakers to Green the Financial System”។
លោកថ្លែងថា៖ «កម្ពុជាសូមសម្តែងនូវការអរគុណចំពោះធនាគារពិភពលោកដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជា ប្រទេសកម្ពុជាទាំងមូលផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញថា បច្ចុប្បន្ន ន.ម.ក. ក៏កំពុងតែធ្វើការជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) ដើម្បីអភិវឌ្ឍហិរញ្ញប្បទាននិរន្តភាពសម្រាប់វិស័យមូលបត្រនៅកម្ពុជា ផងដែរ។
លោកថា៖ «ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញការកសាងសមត្ថភាពដល់មន្ត្រីនៃ ន.ម.ក.និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជាដើម្បីកសាងនូវមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អភិវឌ្ឍហិរញ្ញវត្ថុបៃតងនៅកម្ពុជានៅថ្ងៃអនាគត»។
អ្នកជំនាញធនាគារពិភពលោកបានឯកភាពលើសំណើរនេះ និងមានផែនការរៀបចំកម្មវិធីពង្រឹងសមត្ថភាពនៅកម្ពុជានៅឆ្នាំ ២០២២។នេះបើតាមលោក ស៊ូ សុជាតិ៕