ភ្នំពេញ៖ កម្ពុជាបានធ្វើការនាំចេញនិងនាំចូលមានទឹកប្រាក់ប្រមាណ២៩ពាន់លានដុល្លារក្នុងរយះពេល៩ខែដើមឆ្នាំ២០២១ ដោយមានការកើនឡើង២០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា ការនាំចេញ-នាំចូលទំនិញ(ដកមាស)របស់កម្ពុជា រយៈពេល ៩ខែដើមឆ្នាំ២០២១ បានកើនឡើងជាង ២០ភាគរយ ក្នុងទឹកប្រាក់ជាង ២៩ពាន់លានដុល្លារ។
ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញ(ដកមាស) ក្នុងទំហំទឹកប្រាក់ជិត ១២,៦៩ពាន់លានដុល្លារ កើន ២៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ កំណើន នេះ គឺទទួលបានពីការនាំចេញផលិតផលវាយនភណ្ឌ, កង់, គ្រឿងសង្ហារឹម, ស្បែកសត្វមានរោម, កៅស៊ូ, ក្តារកុងប្លាកេ, ផ្ទាំងសូឡា, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម ជាដើម។ ចំណែកការនាំចូលទំនិញ(ដកមាស)មានទឹកប្រាក់ ១៦,៥ពាន់លានដុល្លារ(ស្មើនឹង ៥៧,៦ភាគរយនៃផ.ស.ស) កើនឡើង ២៦,៥ភាគរយ ដែលរួមចំណែកសំខាន់ពីការនាំចូលក្រណាត់, គ្រឿងសំណង់ និងប្រេងឥន្ទនៈ ជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖«សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ នេះ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល, សេដ្ឋកិច្ចដែគូពាណិជ្ជកម្មរបស់កម្ពុជា បូករួមជាមួយនឹងការជំរុញពីវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម, កម្មន្តសាលមិនមែនកាត់ដេរ, ដឹកជញ្ជូន និងគមនាគមន៍ និងលទ្ធភាពនៃការបញ្ជាទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា»។
ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងតម្លៃ ១៧ ២១៥,៣៧ លានដុល្លារ កើន ១៦,៧២ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ លានដុល្លារ។ ចំណែកការនាំចូលមានតម្លៃ ១៨ ៥៩០,៤៨លានដុល្លារ ធ្លាក់ចុះ ៧,៨៤ភាគរយពី ២០ ១៧១,៨១ លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕