ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP) ត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ខាងមុខ ខណះដែរកម្ពុជារំពឹងថា ការនាំចេញ ការវិនិយោគ និងផលិតផលក្នុងស្រុករបស់ខ្លួន នឹងមានកំណើនកាន់តែខ្ពស់បន្ថែមទៀត ។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀង RCEPដែលជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងបានចាប់ផ្តើមការចរចាតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ RCEPគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ គឺអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។
យោងតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣ភាគរយ វិនិយោគ ២៣,៤ភាគរយ និងផលិតផលក្នុងស្រុកសរុបប្រមាណ ២ភាគរយ លើផលិតផលក្នុងស្រុកសរុបដែលមាននាពេលបច្ចុប្បន្ន។
បើតាមក្រសួងពាណិជ្ជកម្ម កម្ពុជានឹងទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន ដូចជាទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃទំនិញឧស្សាហកម្ម ជាដើម។
បន្ថែមលើការទទួលបានអត្ថប្រយោជន៍ពីការនាំចេញនេះ កម្ពុជា ក៏រំពឹងទទួលបានអត្ថប្រយោជន៍បន្ថែមពី RCEPលើផ្នែកផ្សេងៗមួយចំនួនទៀតដូចជា ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗ ផងដែរ។
លិខិតក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖«កិច្ចព្រមព្រៀងនេះក៏នឹងជួយជំរុញកំណើននៃការនាំចេញ និងកំណើនផលទុនសរុបក្នុងស្រុក ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ផងដែរ»។
កិច្ចព្រមព្រៀង RCEP មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្មនិងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសកលលោក។ RCEP នឹងក្លាយជាក្របខណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ នាំមកនូវឱកាសទីផ្សារនិងការងារ សម្រាប់អាជីវកម្មនិងប្រជាជននៅក្នុងតំបន់។
បលតាមក្រសួងពាណិជ្ជកម្ម RCEPនឹងគ្របដណ្តប់លើ១- ប្រជាជនប្រមាណ២,២ពាន់លាននាក់ ឬ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក ២ ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារ ឬ ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង ៣ ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល៕