ភ្នំពេញៈ រាជរដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC)នៅឆ្នាំក្រោយ ដែលជាតភ្ជាប់វិស័យដឹកជញ្ជូនរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។
ការបង្ហើបពីផែនការនេះត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន(MPWT) លោក ស៊ុន ចាន់ថុល ជាមួយភាគីពាក់ព័ន្ធ(Stakeholder Consultation)ស្តីពីការរៀបចំផែនការមេស្តីពី«ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម»កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំនេះ។
ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល ថ្លែងថា ការពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលបន្ថែមមុននឹងដាក់ឆ្លងទៅទីស្តីការគណៈរដ្ឋមន្រ្តីពិនិត្យនិងសម្រេចដោយលោកបង្ហាញក្តីសង្ឃឹមថាកម្ពុជានឹងអាចបើកការដ្ឋានសាងសង់ PPLC នៅឆ្នាំ ២០២២។
លោករដ្ឋមន្រ្តីថ្លែងថា៖«យើងសង្ឃឹមថាក្នុងឆ្នាំ២០២២ខាងមុខនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនYCHរបស់សឹង្ហបុរីនិងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន»។
នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ទាំង MPWTនិង YCH បានចាប់ផ្តើមការពិភាក្សាលើគម្រោង PPLC នេះដែលមានទីតាំងនៅលើដី ៩៨ ហិកតា ក្នុងឃុំសំរោងក្រោម ខណ្ឌដង្កោ នៅប៉ែកខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោក ស៊ុន ចាន់ថុល បានឱ្យដឹតទៀតថា ការពិភាក្សាគ្នានេះបានផ្តោតទៅលើការច្របាច់បញ្ចូលគ្នានូវផែនការមេ ២គឺ ផែនការមេដឹកជញ្ជូនតាមផ្លូវអាកាស និងផែនការមេដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មដើម្បីឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពក្នុងការទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោកថ្លែងទៀតថា៖«យើងនឹងកោះប្រជុំគណៈកម្មាធិកាជាតិភស្តុភារកម្មនៅសប្តាហ៍ក្រោយ មុននឹងដាក់ទៅគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំការអនុម័តលើផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម»។
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនYCH ដែលមានការគាំទ្រពីក្រុមហ៊ុនInfrastructure Asia (IA)ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញក្នុងរយៈពេល៩ខែ ដើម្បីឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទានដើម្បីអនុវត្តគម្រោងនេះ៕