ភ្នំពេញៈ ក្នុងគោលបំណងដើម្បីជាការចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង និងធានាបាននូវសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រជាជានក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារយុទ្ធសាស្រ្តសំខាន់ចំនួន ២ ដើម្បីជាការចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង និងធានាបាននូវសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រជាជានក្នុងស្រុក។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តឯកសារទាំង២ កាលពីថ្ងៃទី២៨ ខែតុលា បានឱ្យដឹងថា វិបត្តិជំងឺកូវីដ១៩ បានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសង្គម-សេដ្ឋកិច្ចស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ដែលជាចន្ទល់គន្លឹះមួយសំខាន់របស់ប្រទេសកម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងមិនធ្លាប់មានផងដែរ ។
លោកបន្តថា ជាមួយនឹងនិន្នាការថ្មីនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ«ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវដ១៩» ។ ផ្តើមចេញពីឯកសារនេះ រដ្ឋាភិបាលក៏បានសម្រេចដាក់ចេញឯកសារដ៏មានសារៈបន្ថែមសំខាន់ ២ ទៀតដែលបាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ។
លោកលើកឡើងទៀតថា ឯកសារយុទ្ធសាស្រ្តទាំង ២ នេះត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ក្នុងន័យនេះ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនឹងត្រូវធ្វើឡើងជាជំហានៗ ប្រកបដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្ន ស្របតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ ទន្ទឹមនេះ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នឹង ផ្តោតសំខាន់ ទៅលើការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព សំដៅពង្រឹងបន្ថែមទៀតនូវស្មារតីស្នេហាជាតិ ស្របតាម ទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ចុង បាននិយាយថា ធាតុចូលនៃឯកសារយុទ្ធសាស្រ្តទាំង ២ នេះ ត្រូវបានទទួលពីគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។ ឯកសារនោះត្រូវបានរៀបចំឡើងក្នុងអំឡុងពេលនៃការផ្ទុះឡើងរបស់ជំងឺកូវីដ១៩ ដែលជំងឺនេះមិនត្រឹមតែជាជំងឺដ៏កាចសាហាវ និងបង្កមហន្តរាយចំពោះសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុងបន្តផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្រ្តចំពោះសេដ្ឋកិច្ចពិភពលោក ដែលក្នុងនោះសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ទើរគ្រប់វិស័យទាំងអស់បានធ្លាក់ចុះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារមួយនៃពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តឯកសារទាំង ២ ខាងលើ បានលើកឡើងថា ផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលភទេសចរចាក់វ៉ាក់សាំង នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗនៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងធានាបានសុវត្ថិភាព និងសុខុមាភាពសាធារណៈ ជាមួយនឹងកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក«ប្រក្រតីភាពថ្មី»នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមផែនការកម្ពុជា នឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិ នៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង តំបន់តារាសាគរនៃខេត្តកោះកុង មុននឹងឈានទៅខេត្តសៀមរាបក្នុងខែ មករា ឆ្នាំ ២០២២៕