ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា ផែនការបោះផ្សាយមូលបត្ររដ្ឋក្នុងទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិកនៅចុងខែមិថុនានេះ មិនទាន់អាចធ្វើទៅបានឡើយដោយសារនៅមានលក្ខខណ្ឌបច្ចេកទេសមួយចំនួនមិនទាន់បានបញ្ចប់។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់បណ្តាញព័ត៌មាន Investing Cambodia ថា នាពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួងកំពុងធ្វើការមួយចំនួនដែលនៅសេសសល់មុននឹងឈានទៅដល់ការបោះផ្សាយជាផ្លូវការ។
លោកថា៖««ក្រសួងកំពុងធ្វើការវិភាគនិងត្រួតពិនិត្យក្នុងកម្រិតបច្ចេកទេស សំដៅធ្វើយ៉ាងណាងបញ្ចប់កិច្ចការទាំងនោះជាមុនសិន ដើម្បីចាប់ផ្តើមផ្សាយ»។ ប៉ុន្តែលោកពុំបានបញ្ជាក់ច្បាស់លាស់ថាតើនឹងទាមទារពេលវេលាប៉ុណ្ណានោះទេ ហើយថ្ងៃបោះផ្សាយជាផ្លូវការក៏ពុំទាន់បានកំណត់ច្បាស់លាស់ដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជា«មួយទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ» កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា រាជរដ្ឋាភិបាលក៏គ្រោងនឹងចាប់ផ្ដើមបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ២០២២ នេះដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានមួយថ្មីសម្រាប់ការកៀរគរទុនរបស់រដ្ឋក៏ដូចជាដើម្បីបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ជាពិសេសវិនិយោគិនស្ថាប័ន រួមមានធនាគារ ក្រុមហ៊ុនធានារ៉ាប់រង,មូលនិធិសោធនិវត្តន៍,មូលនិធិសន្តិសុខសង្គមជាដើម។
លោកបានថ្លែងថា៖«ឧបករណ៍ហិរញ្ញវត្ថុថ្មីរំពឹងថានឹងទទួលបានការពេញនិយមសម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និងផ្ដល់នូវទិន្នន័យ Benchmark សម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និងការវិភាគហិរញ្ញវត្ថុនានាដូចត្រូវបានអនុវត្តនៅក្នុងប្រទេសដែលមានវិស័យមូលបត្ររីកចម្រើន»៕