ភ្នំពេញៈ ប្រទេសកម្ពុជាបាននាំចេញកសិផលសរុបជាង ១៣ លានតោនកាលពីឆ្នាំ ២០២០ ឬគិតជាទឹកប្រាក់ប្រមាណជាង ៣,៤ ពាន់លានដុល្លារ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ជាសកលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ។
នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាបានផលិតនូវផលិតផលកសិកម្មសរុបជាង ២០ លានតោន កាលពីឆ្នាំមុន ក្នុងនោះកម្ពុជាបាននាំចេញកសិផលសរុបចំនួនជាង ១៣ លានតោន ដោយរកចំណូលពីការនាំចេញចំនួនជាង ៣ ៤៣៣ លានដុល្លារ កាលពីឆ្នាំទៅ។ នេះបង្ហាញថា ការនាំចេញកសិផលរបស់កម្ពជាបង្ហាញកំណើនល្អប្រសើរ។
ក្រសួងកសិកម្ម បន្ថែមថា ក្នុងនោះ កម្ពុជាបាននាំចេញអង្ករ និងស្រូវក្នុងបរិមាណសរុបជាង ៣,៥៨ លានតោនដែលមានតម្លៃជាង ១,២៦ ពាន់លានដុល្លារ នៅឆ្នាំ២០២០។ក្នុងនោះ ការនាំចេញស្រូវគិតជាទឹកប្រាក់មានតម្លៃជាង ៧២៣ លានដុល្លារ។
ក្រសួងកសិកម្ម ឲ្យដឹងទៀថា ដើម្បីដោះស្រាយបញ្ហាទីផ្សារកសិករកម្ពុជា ក្រសួងបានខិតខំជំរុញការចរចាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្តាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជារហូតបានសម្រេចបានជោគជ័យរួចមកហើយនាពេលកន្លង។
ក្នុងខែមិថុនា ឆ្នាំ២០២០ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដោយអាចនាំចេញស្វាយស្រស់ ៥០ ម៉ឺនតោនក្នុង ១ ឆ្នាំ៕