(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់;រាជធានីភ្នំពេញ ២៩,៧៩២ នាក់;ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់;ខេត្តកំពត ១៧,៧៩៦ នាក់;ខេត្តសៀមរាប ១៦,១៦០ នាក់;ខេត្តបាត់ដំបង ៨,៤១៣ នាក់;ខេត្តកែប ៦,៥៦៧ នាក់;ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។
លោករដ្ឋមន្ត្រីបានបន្តថា តួលេខខាងលើ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុង សប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុង ទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។
សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើង វិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕