ភ្នំពេញៈ កម្ពុជា-ហ្វីលីពិនបានចុះអនុស្សារណៈនៃការយោគយល់គ្នាដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងបង្កើនទំហំនៃការវិនិយោគបន្ថែមទៀត។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Amb. Benedicto V. Yujuicoប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីនបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) តាមប្រព័ន្ធអនឡាញសំដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគរវាង ប្រទេសទាំង ២។
ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីនលើកទី៣ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក Honorable Teodoro L. Locsin Jr រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា៖« MoU នេះធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និង សាធារណរដ្ឋហ្វីលីពីន ក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ កសិកម្ម កម្មន្តសាលអាជីវកម្មសិទ្ធិពិសេស ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម»។
សភាពាណិជ្ជកម្មនៃប្រទេសទាំង ២ ក៏បានសន្យានឹងចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមកជាទៀងទាត់ ក៏ដូចជារៀបចំបេសកកម្មធុកិច្ច និងវិនិយោគ សិក្ខាសាលា សន្និសីទ ការតាំងពិព័រណ៍ និងជំនួបជាណិជ្ជកម្ម ជាដើម។
បន្ថែមពីលើនេះ ភាគីទាំង ២ ក៏បានឯកភាពគ្នាក្នុងការបង្កើតក្រុមប្រឹក្សាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលមានទីស្នាក់ការនៅសាធារណរដ្ឋហ្វីលីពីន និងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា- ហ្វីលីពីន ដែលមានទីស្នាក់ការនៅកម្ពុជា ដើម្បីពិភាក្សារៀបចំផែនការវិនិយោគនៅពេលអនាគត៕