ភ្នំពេញៈ ស្ថានការណ៍នៃការអូសបន្លាយពេលឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រមាណត្រឹមជាង ១០ម៉ឺននាក់ ធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងឆមាសទី១ ឆ្នាំ២០២០។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា(NBC) បង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ម៉ឺននាក់ ធ្លាក់ចុះ ៩០,៨ភាគរយបើធៀបឆមាសទី១ ឆ្នាំ២០២០ ដែលមានចំនួន ១,១៨លាននាក់។ ក្នុងនោះភ្ញៀវជនជាតិចិនដែលមានចំនួន ២៧៥ ៦៧១នាក់ (ច្រើនជាងគេ) កាលពីឆមាសទី១ ឆ្នាំ២០២០ បានធ្លាក់ចុះ ៨៧,៨ភាគរយ។
យោងតាម NBC ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ដែលនាំឱ្យមានការបិទខ្ទប់តំបន់មួយចំនួន បានបន្តប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងទស្សនវិស័យកំណើនរបស់កម្ពុជាសម្រាប់ឆ្នាំ២០២១ នេះ ពិសេសវិស័យទេសចរណ៍ដែលត្រូវការរយៈពេលយូរសម្រាប់ការងើបឡើងវិញ។
ក្នុងគោលបំណងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកម្រើកឡើងវិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីដើមខែមេសា ឆ្នាំ២០២១ បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាពីការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ដោយអនុញ្ញាតឱ្យពួកគេចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០២១ តទៅ។
ទិន្នន័យពីក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ១ ៣០៦ ១៤៣ នាក់ ធ្លាក់ចុះ ៨០,២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦ ៦១០ ៥៩២ នាក់៕