ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានហក់ឡើងជាង ៥៣០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១៦មីនា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះនៅលើទីផ្សារលក់រាយនៅកម្ពុជា ។
តម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ១៦ដល់ ២៨ មីនា បានបន្តឡើងថ្លៃ៥០០រៀលបន្ថែមទៀត ដោយកើនដល់ តម្លៃ៥៣០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតានិងប្រេងម៉ាស៊ូត មានតម្លៃដូចគ្នា។ នេះបើតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្មដែលជាស្ថាប័នរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចូលប្រេងនិងលក់ប្រេងនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក ប៉ែន សុវិជាតិ ធ្លាប់បានលើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ធនៈនេះ គឺជានិន្នាការរបស់ពិភពលោក ដោយក្នុងនោះប្រេងអន្តរជាតិក៏មានការឡើងថ្លៃដូចគ្នា។ តែលោកបញ្ជាក់ថា នៅពេលដែលតម្លៃប្រេងឡើងដល់កម្រិតមួយខ្ពស់ពេក ក្រសួងនឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយវិស័យឯកជនពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានេះ៕