ភ្នំពេញ៖កម្ពុជាបានកំណត់វិស័យអាទិភាពសំខាន់ៗមួយចំនួនដើម្បីពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៣គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីដែលនឹងត្រូវរៀបចំឡើងនៅខែតុលាខាងមុខនេះក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនិងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។
ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី២៤ខែសីហាដើម្បីពិភាក្សាលើសេចក្តីព្រាងរបៀបវារៈនិងកំណត់ហេតុរួមនៃកិច្ចប្រជុំដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលាឆ្នាំ២០២២នៅកម្ពុជា។កិច្ចប្រជុំនេះក៏មានថ្នាក់ដឹកនាំ-មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មនិងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៣ស្ថាប័នផងដែរ។
លោកស្រីតឹករ៉េតកំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានស្នើដល់តំណាងអន្តរក្រសួងទាំង១៣ស្ថាប័នចូលរួមពិភាក្សានិងផ្តល់ធាតុចូលឱ្យបានផុសផុលលើសេចក្តីព្រាងកំណត់ហេតុរួមដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីនាពេលខាងមុខឱ្យទទួលជោគជ័យនិងលទ្ធផលផ្លែផ្កា។
កិច្ចប្រជុំបានចេញសេចក្តីព្រាងកំណត់ហេតុរួមដែលក្នុងនោះបង្ហាញពីវិស័យអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគីឱ្យកាន់តែស៊ីជម្រៅនិងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមារួមមានជាអាទិ៍៖ពាណិជ្ជកម្មវិនិយោគធុរកិច្ចឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ហាឡាលសហគ្រាសធុនតូចនិងមធ្យមកសិកម្មដឹកជញ្ជូនអាកាសចរស៊ីវិលសុខាភិបាលអប់រំទេសចរណ៍និងវិស័យពាក់ព័ន្ធដទៃទៀត។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថាក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបាន៤៦២,៦៣លានដុល្លារ។ហើយទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ក្ដីក៏ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ៩០,៦៣លានដុល្លារក្នុងឆ្នាំ២០២១ដែលកើនឡើង២,០៦%ធៀបនឹងឆ្នាំ២០២០។ក្នុងនោះកម្ពុជានាំចេញមុខទំនិញទៅតួកគីដូចជាសម្លៀកបំពាក់វាយនភ័ណ្ឌស្បែកជើងសម្ភារធ្វើដំណើរអង្ករឆត្រខណៈដែលកម្ពុជានាំចូលទំនិញពីតួកគីវិញរួមមានម៉ាស៊ីនផលិតផលឱសថកញ្ចក់ដែកផលិតផលប្លាស្ទិកនិងទំនិញដទៃទៀត៕