ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈយោគយល់គ្នា(MoU)បង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគនិងសេដ្ឋកិច្ចកាលពីសប្តាហ៍មុនក្នុងគោលបំណងដើម្បីជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ។
បើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដកស្រង់ លោក សុខ ចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានលើកឡើងថា MoU នេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញលំហូរវិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរកាន់តែច្រើនបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា ៖«យើងសង្កេតឃើញថាយើងមានការវិនិយោគយ៉ាងច្រើន របស់វិនិយោគិនចិននៅកម្ពុជា ធ្វើឱ្យការវិនិយោគរបស់ចិនឈរនៅលំដាប់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ផងដែរ» ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជិត ៧ ៩៦៨លានដុល្លារ កើនឡើង ៣៨,៣៦ភាគរយ ដោយក្នុងនោះនាំចេញទៅមានទំហំទឹកប្រាក់ជាង ១ ០៩៣លានដុល្លារ កើន ៥២,៧៤ភាគរយ ខណៈកម្ពុជានាំចូលពីចិនវិញមានទំហំទឹកប្រាក់ ៦ ៨៧៥លានដុល្លារ កើន ៣៦,៣២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕