ភ្នំពេញៈ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. ដែលមានបំណងស្វែងយល់អំពីបរិស្ថានវិនិយោគនិងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។
លោក ជា វុទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. គឺជាក្រុមហ៊ុនដំបូងបង្អស់ ដែលបានមកធ្វើទស្សនកិច្ចសិក្សាបន្ទាប់ពីជំនួបរវាងលោក ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកចង់ឃើញការវិនិយោគរបស់ក្រុមហ៊ុននេះ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ក្នុងន័យនេះ ឯកឧត្តមស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ ដើម្បីចូលរួមដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែមានពន្លឺត្រចះត្រចង់ និងតម្លៃថ្លៃថ្លាថែមទៀត៕