ភ្នំពេញៈកម្ពុជានឹងធ្វើការផ្ទេរបច្ចេកវិទ្យាថ្មីៗទៅលើគម្រោងអភិវឌ្ឍន៍ថាមពល និងបង្កើនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញជាអតិប្បរមា ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្ត និងកាត់បន្ថយការបំភាយឧស្ម័នកាបូន។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់ស្តីពី «ថាមពល» ក្រោមប្រធានបទ «ការបង្កើនសកម្មភាព ដើម្បីសម្រេចការទទួលបានថាមពលប្រើប្រាស់ជាសកល និងការបញ្ចេញឧស្ម័នកាបូនសូន្យ»(Accelerating action to achieve universal energy access and zero emission) ដែលរៀបចំដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងឱកាសនេះ លោកថ្លែងទៀតថា ក្នុងរយៈពេលកន្លងមក កម្ពុជាសម្រេចបានគោលដៅនៃការផ្គត់ផ្គង់ថាមពលគួរឱ្យកត់សម្គាល់ ដែលភូមិជាង ៩៧ ភាគរយ ទទួលបានការផ្គត់ផ្គង់ថាមពលពីប្រព័ន្ធបណ្តាញ និងផ្ទះជាង ៨១ ភាគរយ ទទួលបានការតភ្ជាប់បណ្តាញប្រើប្រាស់។ ក្នុងន័យនេះ រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យថាមពលបន្តទៀត ដើម្បីពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយដែលទំនើប មានតម្លៃសមរម្យ អាចទុកចិត្តបាន និងមាននៅគ្រប់ទីកន្លែង។
លោកបានដឹងទៀតថា ការកាត់បន្ថយដងស៊ីតេការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គឺជាចាំចាប់ណាស់សម្រាប់កម្ពុជាក្នុងការសម្រចគោលដៅ និងរបៀបវារៈនៃការសេដ្ឋកិច្ច និងសង្គមកម្ពុជា និងគោលដៅអន្តរកាលឆ្ពោះទៅការកាត់បន្ថយឧស្ម័នកាបូន ផងដែរ។ ការអភិវឌ្ឍថាមពលបន្តទៀត កម្ពុជានឹងបន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យបានជាអតិប្បរមាតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាស ព្រមទាំងធានាភាពគ្រប់គ្រាន សន្តិសុខថាមពល តម្លៃសមរម្យ និងអាចទុកចិត្តបាននៃការផ្គត់ផ្គង់ថាមពល។
លោកនិយាយថា៖ «សម្រាប់គោលដៅ នេះយើងកំពុងធ្វើសមាហរណកម្មអភិវឌ្ឍន៍គមោងថាមពលកកើតឡើងវិញឱ្យកាន់តែច្រើននៅក្នុងផែនការអភិវឌ្ឍន៍របស់យើង។ អភិវឌ្ឍន៍ប្រព័ន្ធអាគុយស្តុកថាមពលទ្រង់ទ្រាយធំ ដើម្បីបង្កើនការទទួលគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញបន្ថែមទៀត និងធ្វើការអនុម័តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការងារប្រសិទ្ធភាពថាមពល»។
លោកបន្ថែមទៀតថា កម្មវិធីខាងលើនេះ បានផ្តល់ឱកាសដល់អ្នកចូលរួមសម្រាប់ពិចារណាឱ្យមាត់ចត់លើផែនទីចង្អុលផ្លូវសកលក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី៧ នៃអង្គារសហប្រជាជាតិ និងជំរុញសកម្មភាពនានា ដើម្បីទទួលបានសេវាកម្មថាមពលកកើតឡើងវិញ និងមានតម្លៃសមរម្យត្រឹមឆ្នាំ ២០៣០។ ព្រមទាំង ធ្វើឱ្យប្រសើរឡើងអត្រាប្រសិទ្ធភាពថាមពលឆ្ពោះទៅរកតុល្យភាពឧស្ម័នផ្ទះកញ្ចក់ត្រឹមឆ្នាំ ២០៥០៕