ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកបង្កឱ្យមានបរិយាកាសធុរកិច្ចល្អប្រសើរ ខណៈដែលវិស័យឯកជនសាទរចំពោះការដាក់ឱ្យប្រើប្រាស់App នេះ។
កាលពីថ្ងៃទី២២ ខែកក្កដា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា អគរ បានរៀបចំអភិវឌ្ឍរួចរាល់នូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន ដែលមានមុខងារសំខាន់ជាជំនួយដល់ធុរជន ជាពិសេសប្រតិវេទករ ក្នុងការតាមដានស្ថានភាពប្រតិវេទន៍ ការបង់ពន្ធ តាមមធ្យោបាយអេឡិចត្រូនិក និងការស្វែងរកលិខិតអនុញ្ញាតគយជាដើម។កម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជននោះមានឈ្មោះថា “Cambodia Customs Trader” ដែលធុរជនអាចស្វែងរក និងទាញយកកម្មវិធីនេះ នៅលើ Play Store និង App Store និងអាចស្វែងរក នីតិវិធីលម្អិតនៃការអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជននេះនៅក្នុង “សៀវភៅមគ្គទេសក៍ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃឆ្លាតវៃសម្រាប់ធុរជន” ដែលអាចទាញយកបានពីគេហទំព័រផ្លូវការ របស់ អគរ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានតម្លៃសរុប ២៧ ២៤៣,៨៤លានដុល្លារ កើនឡើង ២០,២ភាគរយបើធៀបឆមាសទី១ ឆ្នាំ២០២១ ក្នុងនោះការនាំចូលមានតម្លៃ ១៥ ៨៦៤,៧២លានដុល្លារ កើន ១១,៩ភាគរយ និងការនាំចេញមានតម្លៃ ១១ ៣៧៩,១២លានដុល្លារ កើនឡើង ៣៣,៩ភាគរយ៕