ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នេះបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ដើម្បីទទួលបានសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជធំមួយ ដែលមានបណ្តាញប្រតិបត្តិការច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បណ្តាញប្រតិបត្តិការដ៏សម្បូរបែបផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេស អ្នកដែលរស់នៅជនបទអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរបស់ធនាគារ រួមទាំងសេវាកម្មឥណទាន ដែលមានគោលដៅ សម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្មនៅតាមជនបទ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC បានផ្តល់សហហិរញ្ញប្បទានចំនួន១៣៥លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា ដើម្បីផ្តល់កម្ចីដល់វិស័យកសិកម្មនៅកម្ពុជា។ សហហិរញ្ញប្បទាននេះ នឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទានក្នុងការចាប់ផ្តើម និង/ឬការពង្រីកផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៤៤លាននាក់ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២២ នេះ៕