ភ្នំពេញៈ ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក (Golden Fx Link Capital Co., Ltd.)ដែលជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទត្រូវបាននិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានក្លាយជាក្រុមហ៊ុនដែលមានផលិតផលឧបករណ៍និស្សន្ទសម្រាប់ដាក់ឱ្យវិនិយោគច្រើនជាងគេនៅកម្ពុជា។
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោក ស៊ូ សុជាតិ បានសម្តែងការអបអរសាទរដល់ក្រុមហ៊ុនតាមរយះZoom ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការទាក់ទាញការចាប់អារម្មណ៍ និងទំនុកចិត្តពីវិនិយោគិនសាធារណៈ តាមរយៈការផ្ដល់ជម្រើសច្រើននៃផលិតផលឧបករណ៍និស្សន្ទដែលទទួលបានការអនុញ្ញាត រួមទាំងការគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន និងក្រមសីលធម៌វិជ្ជាជីវៈជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ។
លោកបានគូសបញ្ជាក់នូវចំណុចសំខាន់ៗចំនួន ៧ ដែលវិនិយោគិន ក៏ដូចជាសាធារណជនត្រូវស្វែងយល់ ដើម្បីបង្កើនទំនុកចិត្ត និងសុវត្ថិភាពក្នុងការជួញដូរឧបករណ៍និស្សន្ទដែលមានដូចជា ទី១ វិនិយោគិនត្រូវមានចំណេះដឹងច្បាស់លាស់លើការវិនិយោគឧបករណ៍និស្សន្ទ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធចេញដោយ ន.ម.ក. រួមទាំងវិធានប្រតិបត្តិការឧបករណ៍និស្សន្ទដែលទទួលបានការអនុញ្ញាត ទី២ត្រូវជួញដូរជាមួយឈ្មួញជើងសារឧបករណ៍និស្សន្ទដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ទី៣ ត្រូវប្រើប្រាស់ទម្រង់បើកគណនីជួញដូរ ទម្រង់កិច្ចព្រមព្រៀងអតិថិជន និងទម្រង់ប្រកាសទទួលស្គាល់ហានិភ័យដែលទទួលបានការអនុញ្ញាតពី ន.ម.ក. និងទី៤ គឺរាល់ការបើកគណនីជួញដូរ និងប្រឹក្សាយោបល់ត្រូវធ្វើឡើងជាមួយភ្នាក់ងារជើងសារឧបករណ៍និស្សន្ទដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក.។
ចំណែក ចំណុចទី៥ វិនិយោគិនត្រូវដាក់សាច់ប្រាក់ និងទូទាត់សាច់ប្រាក់តាមរយៈ “គណនីសាច់ប្រាក់អតិថិជនឧបករណ៍និស្សន្ទ” នៅធនាគារដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. ទី៦ ត្រូវធ្វើការជួញដូរឧបករណ៍និស្សន្ទដោយខ្លួនឯងផ្ទាល់ និងទី៧ផលិតផលជួញដូរត្រូវទទួលបានការអនុញ្ញាតពី ន.ម.ក.។
ការលើកឡើងរបស់លោក ស៊ូ សុជាតិ ពីចំណុចសំខាន់ៗដែលវិនិយោគិន ក៏ដូចជាសាធារណជនត្រូវយល់ដឹងនៅពេលនេះ គឺបន្ទាប់ពី GoldFX Investments Co Ltd (GFX) ដែលជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទកាលពីពេលថ្មីៗ នេះបានប្រកាសផ្អាកប្រតិបត្តិការជួញដូរជាបណ្តោះអាសន្នដោយមិនមានមូលហេតុច្បាស់លាស់ ដែលបណ្តាលឱ្យអតិថិជនជាច្រើនមានទាមទារឱ្យក្រុមហ៊ុននេះផ្តល់សំណងប្រាក់ដែលពួកគេបានយកទៅដាក់វិនិយោគ។
យោងតាម ន.ម.ក នៅកម្ពុជាបច្ចុប្បន្នមានឈ្មួញជើងសារឧបករណ៍និស្សន្ទ (Derivative Broker) សរុបចំនួន ២១៕