ភ្នំពេញៈ បុព្វលាភសរុបរបស់ទីផ្សារធានារ៉ាប់នៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២១ មានប្រមាណ ៨៥លានដុល្លារ កើនជាង ១៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈចំនួនអ្នកទទួលសេវាធានារ៉ាប់រងមានចំនួនជិត ១,២លាននាក់។ នេះបើយោងតាមសមាគមធានារ៉ាប់រងកម្ពុជា (Insurance Association of Cambodia)។
សេចក្តីប្រកាសព័ត៌មានរបស់សមាគមធានារ៉ាប់រងកម្ពុជា (IAC) ឱ្យដឹងថា ទីផ្សារធានានារ៉ាប់រងនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ បានរក្សានូវភាពវិជ្ជមានរបស់ខ្លួន ដោយទទួលបានបុព្វលាភសរុបប្រមាណ ៨៥លានដុល្លារ កើនឡើង ១៦,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ក្នុងចំនួនទឹកប្រាក់នេះ គឺទីផ្សារធានារ៉ាប់រងទូទៅ មានចំណែកទីផ្សារប្រមាណ ៤៦ភាគរយ ទីផ្សារធានារ៉ាប់រងអាយុជីវិត មានជិត ៥៣ភាគរយ និងធានារ៉ាប់រងខ្នាតតូចមាន ១,៤ភាគរយ។
បើតាម IAC ទីផ្សារធានារ៉ាប់រងអាយុជីវិត មានទំហំ ៤៤,៦លានដុល្លារ កើនឡើង ១៥,៥ភាគរយ, ទីផ្សារធានារ៉ាប់រងទូទៅ មានទំហំ ៣៩,១លានដុល្លារ កើនឡើង ១៩,៥ភាគរយ និងទីផ្សារធានារ៉ាប់រងខ្នាតតូច មានទំហំ ១,២លានដុល្លារ ថយចុះ២៦,៧ភាគរយ។
នៅក្នុងត្រីមាសទី១ នេះផងដែរ ទឹកប្រាក់សំណងដែលវិស័យធានារ៉ាប់រងបានទូទាត់ទៅឱ្យអតិថិជនមានចំនួនសរុប ១១,៣លានដុល្លារ ក្នុងនោះសំណងទូទាត់ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅ មាន ៩,១លានដុល្លារ, ធានារ៉ាប់រងអាយុជីវិត ២,១លានដុល្លារ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ០,២លានដុល្លារ។
យោងតាម IAC គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ នៅកម្ពុជាចំនួនអ្នកដែលត្រូវបានធានារ៉ាប់រង មានចំនួនសរុបជិត ១,២លាននាក់ ក្នុងនោះអ្នកទិញធានារ៉ាប់រងអាយុជីវិតមាន មាន ៣៨ម៉ឺននាក់, ធានារ៉ាប់រងទូទៅ (ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល) មាន ៥១ម៉ឺននាក់ និងធានារ៉ាប់រងខ្នាតតូចប្រមាណ ២៨ម៉ឺននាក់។
គិតរហូតមកដល់ពេលនេះសមាគមធានារ៉ាប់រងកម្ពុជាមានក្រុមហ៊ុនជាសមាជិកចំនួន ៣៣ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៦ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចំនួន ១១ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៥ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១៕