ភ្នំពេញៈ ធនាគារអាស៊ីលីដា កំពុងដាក់ចេញផែនការជំរុញអតិថិជនរបស់ខ្លួនឱ្យធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថលកាន់តែច្រើនបន្ថែមទៀត ខណៈកាលពីឆ្នាំ២០២១ កន្លងមកចំនួនប្រតិបត្តិការតាមប្រព័ន្ធឌីជីថលរបស់ខ្លួនកើនដល់ប្រមាណ ៩៤ភាគរយ។ នេះបើតាម លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំនាយក-នាយិកាសាខា នៅទីរួមខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក ចាន់នី បានឱ្យដឹងថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែមានភាពពេញនិយម ដោយក្នុងនោះចំនួនប្រតិបត្តិការតាមប្រព័ន្ធឌីជីថល បានកើនឡើងជាលំដាប់។ នៅក្នុងស្ថានភាពដ៏លំបាកកាលពីឆ្នាំ២០២០-២០២១ (ការបិទខ្ទប់ និងក្តីបារម្ភពីការឆ្លងជំងឺកូវីដ១៩) កំណើនអតិថិជនដែលចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារអេស៊ីលីដា បានហក់ឡើងយ៉ាងលឿន។ លោកបន្តថា ជាក់ស្តែងគិតត្រឹមខែមីនា ឆ្នាំ២០២២ ចំនួនអ្នកដែលមានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់អេស៊ីលីដា មានចំនួនជាង ២,៣លាន ក្នុងនោះចំនួនដែលប្រើប្រាស់សកម្ម គឺមានជាមធ្យមជាង ១លានប្រតិបត្តិការក្នុង ១ថ្ងៃៗ។
លោកថ្លែងថា៖«កាលពីខែមករា កន្លងមកខ្ញុំធ្លាប់និយាយថា ចំនួននៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា តាមរយៈប្រព័ន្ធឌីជីថល គឺមានប្រមាណ ៩៤ភាគរយ។ ក្នុងឆ្នាំ២០២២ នេះយើងកំពុងជំរុញចំនួននេះឱ្យកើនដល់ប្រហែល ៩៧ភាគរយនៃប្រតិបត្តិការទាំងអស់»។
លោកបញ្ជាក់ថា៖«ធនាគារអេស៊ីលីដា ពិតជាចង់ឱ្យអតិថិជនទាំងជាង ៣លាននាក់របស់ខ្លួនចុះឈ្មោះប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងអស់(ប្រើប្រាស់ App) ដែលបច្ចុប្បន្ននៅសល់ប្រមាណ ៧០ម៉ឹននាក់ទៀតប៉ុណ្ណោះមិនទាន់ប្រើប្រាស់»។
លោកលើកឡើងទៀតថា នៅពេលដែលការធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថលកាន់តែច្រើន ការប្រើប្រាស់ធនធានមុស្សក៏អាចនឹងមិនកើនឡើងទៀតផងដែរ។
ទាក់ទងនឹងប្រតិបត្តិការក្នុងឆ្នាំ២០២២ នេះ លោក អ៊ិន ចាន់នី បានប្រាប់ថា ធនាគារអេស៊ីលីដា បានបង្ហាញពីសញ្ញារីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេលជិត ៤ខែមកនេះ ឥណទានរបស់ធនាគារអេស៊ីលីដា បានកើនឡើងជិតទៅ ៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំណែកប្រាក់បញ្ញើសន្សំ ក៏កើនឡើងប្រហាក់ប្រហែលនឹងគ្នានេះដែរ៕