ភ្នំពេញៈ ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រាសាទល្បីល្បាញជាងគេនៅទ្វីបអាស៊ីដែលជាទិសដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេចរនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រ Touropia Travel Guides។
យោងតាមការសិក្សារបស់គេហទំព័រ Touropia Travel Guides កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រាសាទអង្គរវត្តកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទល្បីល្បាញជាងគេបំផុតក្នុងទ្វីបអាស៊ី ខណៈលេខ ២ បានទៅប្រាសាទ Borobudur(ឥណ្ឌូនេស៊ី), លេខ ៣ ប្រាសាទ Baalbek (លីបង់), លេខ ៤ ប្រាសាទ Harmandir Sahib(ឥណ្ឌា) និងលេខ ៥ ប្រាសាទ Kinkaku-ji ឬប្រសាទ Golden Pavilion(ជប៉ុន)។ ចំណែក លេខ ៦ ប្រាសាទ Heaven (ចិន), លេខ ៧ ប្រាសាទ Wat Phra Kaew ឬប្រាសាទ Emerald Buddha(ថៃ), លេខ៨ ប្រាសាទ Taktsang Dzong ឬប្រសាទ Tiger’s Nest (ប៊ូតាន់), លេខ ៩ ប្រាសាទ Ranakpur (ឥណ្ឌ) និងលេខ ១០ ប្រាសាទ Lotus(ឥណ្ឌា)។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានថ្លែងប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថា ជាមួយលទ្ធផលនៃការសិក្សារបស់ Touropia Travel Guides បង្ហាញអំពីភាពល្អឯក និងទាក់ទាញរបស់ប្រាសាទអង្គរវត្តដល់ភ្ញៀងទេចរដែលបានមកទស្សនាកម្ពុជាមិនអាចរំលងបាន។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រាសាទអង្គរវត្ត គឺមិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាអច្ឆិរិយវត្ថុមួយលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើនរបស់ប្រទេសកម្ពុជា និងជាឃ្លាំងគម្ពីក្បួនច្បាប់ និងដំណើររឿងទាក់ទងនឹងព្រះពុទ្ធសាសនា និងព្រហ្មណ៍សាសនាផងដែរ។
លោកថា ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងឱ្យចូលមកទស្សនាកម្ពុជា ព័ត៌មាននៃការផ្តល់ចំណាត់ថ្នាក់លេខ១ ឱ្យប្រាសាទអង្គរវត្ត របស់ Touropia Travel Guides នឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា គេហទំព័រ Tripadvisor ក៏បានបង្ហាញឱ្យដឹងថា តំបន់ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិបណ្តែតទឹក និងប្រាសាទបន្ទាយស្រី ក្នុងខេត្តសៀមរាប បានជាប់លេខ ១ក្នុងពិភពលោកជាកន្លែងទេសចរណ៍ប្រណីតសម្រាប់ដំណើរកម្សាន្តរយៈពេល ៣ថ្ងៃ។
ទិន្នន័យក្រសួងទេសចរណ៍បង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប១៤៤ ៤៣៣នាក់ធ្លាក់ចុះ ៨៨,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ដែលមានចំនួន១ ២៤៦ ៧៨៩០នាក់៕